ប្រជាពលរដ្ឋជាង៣០គ្រួសារក្នុងភូមិអន្លង់ពីរ ស្រុកប្រាសាទបាគង បិទផ្លូវមិនឲ្យរថយន្តដឹកសំរាមចូលចាក់ ព្រោះក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា
ប្រជាពលរដ្ឋជាង៣០គ្រួសារ ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានលំនៅដ្ឋានជិតនឹងទីលាចាក់សំរាម កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានធ្វើការបិទផ្លូវមិនឲ្យរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនហ្កាអ៊ីយ៉ា ចូលទៅចាក់សំរាមនៅទីលានសំរាម ដោយបងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ខាងក្រុមហ៊ុន មិនបានគោរពទៅតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ។

ដោយមានសភាពតានតឹងគ្នារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនហ្កាអ៊ីយ៉ា នៅរសៀលនាថ្ងៃដដែល ក៏មានធ្វើកិច្ចប្រជុំដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីគំនរសំរាមក្នុងភូមិអន្លង់ពីរ ក្រោមវត្តមានរបស់លោក អ៊ឹង សុភណ្ឌ នាយកទីចាត់ការអន្តរវិស័យ តំណាងឯកឧត្តមអភិបាលខេត្ត និងលោក សូរ ប្លាតុង អភិបាលស្រុក ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អធិការនគរបាលស្រុក តំណាងក្រុមហ៊ុនហ្កាអ៊ីយ៉ា អាជ្ញាធរឃុំ និងមន្ត្រីក្នុងស្រុកផងដែរ។

តាមការបញ្ជាក់របស់លោក សូរ ប្លាតុង បានឲ្យដឹងថា បញ្ហារវាងប្រជាពលរដ្ឋភូមិអន្លង់ពីរ ជាមួយក្រុមហ៊ុនហ្កាអ៊ីយ៉ា មានជាច្រើនលើកមកហើយ រវាងអ្នកប្រកបរបររើសសំរាម និងក្រុមហ៊ុន រវាងប្រជាពលរដ្ឋរងផលប៉ះពាល់ពីគំនរសំរាម និងក្រុមហ៊ុន ហើយក៏ត្រូវបានធ្វើការដោះស្រាយជាបន្តបន្ទាប់ផងដែរ។ តាមការបញ្ជាក់ពីតំណាងគ្រួសារប្រជាពលរដ្ឋរងផលប៉ះពាល់ពីគំនរសំរាមបានឲ្យដឹងថា ការធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនជាច្រើនលើកមកហើយ តែក្រុមហ៊ុនមិនបានគោរពនឹងកិច្ចសន្យាឡើយ ដោយស្នើសុំពន្យារពេលរហូត ទើបធ្វើឲ្យពួកគាត់សម្រេចចិត្តធ្វើការបិទផ្លូវ មិនឲ្យរថយន្តដឹកសំរាមចូលទៅចាក់នៅទីលានសំរាម។

ម៉្យាងទៀងបញ្ហាសំរាមនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើបញ្ហាសុខភាព អនាម័យ សំខាន់ចំពោះកុមារ និងសិស្សានុសិស្ស ដែលមានទីតាំងនៅជិតទីលានគំនរសំរាមនេះ ព្រមទាំងប៉ះពាល់ដល់ផលដំណាំស្រូវរបស់ពួកគាត់ ដោយសារទឹកសំរាមហូរចូលស្រែរបស់ពួកគាត់។ តំណាងប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក ដើមី្បបញ្ឈប់ការចាក់សំរាមនៅទីនេះ និងសុំឲ្យរកទីតាំងថ្មីវិញ។

ជាមួយគ្នានេះ លោក អ៊ឹង សុភណ្ឌ ក៏បានជម្រាបដល់បងប្អូនដែលទទួលរងផលប៉ះពាល់ពីគំនរសំរាម សូមធ្វើឲ្យការរំងាប់ចិត្តមួយរយៈសិន ចំពោះបញ្ហាសំរាមនេះ អាជ្ញាធរខេត្តកំពុងធ្វើការពិភាក្សា ជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម ឬក៏ធ្វើការវិនិយោគជាមួយក្រុមហ៊ុនបរទេស ដែលមានបច្ចេកទេស បទពិសោធន៍ខ្ពស់ ដើមី្បទទួលយកផលប្រយោជន៍ពីសំរាម យកទៅប្រើប្រាស់ការងារអ្វីផ្សេង សំខាន់លើការងារកសិកម្ម។

លោកក៏បានសង្កត់ធ្ងន់ចំពោះក្រុមហ៊ុនហ្កាអ៊ីយ៉ា ដែលកន្លងមកមិនបានគោរពទៅតាមបច្ចេកទេស និងការណែនាំរបស់ក្រសួង និងមន្ទីរបរិស្ថាន ហើយបានបង្កឲ្យមានផលប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅជិតទីលានចាក់សំរាម ព្រមទាំងធ្វើឲ្យមានការរងគ្រោះដល់សត្វពាហៈនៈរបស់ប្រជាពលរដ្ឋ។

ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំនេះ ទាំងអាជ្ញាធរ ក្រុមហ៊ុន និងប្រជាពលរដ្ឋ ក៏បានឯកភាពគ្នា ដោយទទួលយកនូវរាល់សំណើរបស់ប្រជាពលរដ្ឋ ដើមី្បស្នើសុំគោលការណ៍ទៅថ្នាក់ដឹកនាំ បន្តការដោះស្រាយ ក្នុងអំឡុងជាក់លាក់ណាមួយ។ បងប្អូនប្រជាពលរដ្ឋក៏បានឯកភាពក្នុងការបើកផ្លូវ ឲ្យរថយន្តដឹកជញ្ជូនសំរាមចូលទៅកាន់ទីលានចាក់សំរាម រង់ចាំការដោះស្រាយជាមួយអាជ្ញាធរផងដែរ។

ក្នុងកិច្ចប្រជុំ ក៏បានឲ្យក្រុមហ៊ុនហ្កាអ៊ីយ៉ា ត្រូវធ្វើការស្រោចទឹកផ្លូវចូល និងបើកបររថយន្តត្រូវបន្ថយល្បឿន ពេលឆ្លងកាត់ភូមិ ព្រមទាំងត្រូវធ្វើរបងរបាំងបិទទីលានចាក់សំរាមឡើងវិញ សំខាន់ទីរណ្តៅដីចាក់សំរាម ដើមី្បការពារកុំឲ្យសត្វ គោ ក្របី របស់បងប្អូនអ្នកស្រុកធ្លាក់ចូល និងធ្វើកុំឲ្យសំរាមដែលជាស្បោងប្លាស្ទិក ហើរពាសវាលពាសកាលមកលើលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ៕ធ.ដ ដោយ៖ ម៉ី សុខារិទ្ធ