អ្នកកាសែតអាហ្វហ្កានីស្ថាន២នាក់បាត់បង់ជីវិត ដោយសារការវាយប្រហារលើស្ថានីយ៍វិទ្យុ
អាហ្វហ្កានីស្ថាន៖ ក្រុមមន្ត្រីអាហ្វហ្កានីស្ថានបានឱ្យដឹងនៅក្នុងថ្ងៃពុធនេះថា អ្នកកាសែតពីរនាក់ត្រូវបានបាញ់សម្លាប់ នៅពេលពួកខ្មាន់កាំភ្លើងបើកការវាយប្រហារស្ថានីយ៍វិទ្យុរបស់ពួកគេ ស្ថិតនៅភាគឦសានប្រទេស។

ប្រភពបន្តថា បុរសទាំងពីរនាក់នេះ ដែលមានអាយុប្រហែល២០ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅខាងក្នុងស្ទូឌីយ៉ូវិទ្យុ Hamsada ដែលជាវិទ្យុផ្សាយឯកជនមានមូលដ្ឋាននៅទីក្រុងតាលូកាន ខេត្តតាខា។ រហូតមកទល់ពេលនេះ នៅពុំទាន់មានក្រុមជ្រុលនិយមណាមួយ ចេញមុខអះអាងទទួលខុសត្រូវនៅឡើយនោះទេ ស្របពេលដែលការស៊ើបអង្កេតបាននឹងកំពុងប្រព្រឹត្តទៅ។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណពីរនាក់បានចូលស្ថានីយ៍វិទ្យុមួយកន្លែង នៅម៉ោងប្រហែល៦ល្ងាចថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ហើយពួកគេបានបើកការបាញ់ប្រហារទៅលើអ្នកយកព័ត៌មានពីរនាក់ ដែលកំពុងអត្ថាធិប្បាយព័ត៌មាន ក្នុងអំឡុងកម្មវិធីផ្សាយបន្តផ្ទាល់ ដោយអ្នកកាសែតទាំងពីរនាក់នេះបានស្លាប់នៅកន្លែងកើតហេតុ៕ធ.ដ

