ក្រុមការងារវិទ្យុ និង ទូរទស្សន៍អប្សរា សួរសុខទុក្ខអ្នកជំងឺ ដែលទើបតែចេញពីវះកាត់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ
ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍អប្សរា សួរសុខទុក្ខ និង ផ្តល់កម្លាំងចិត្ត ដល់អ្នកជំងឺ ដែលទើបចេញពីបន្ទប់វះកាត់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នារសៀលថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៩។ អ្នកជំងឺត្រូវជាភរិយារបស់ លោក គ្រី សម្បត្តិ ដែលត្រូវបានគេស្គាល់ថា ជាបុគ្គលិកយកព័ត៌មានឲ្យទូរទស្សន៍អប្សរា។ បន្ទាប់ពីមានការអំពាវនាវ ដល់សប្បុរសជន រកជំនួយដើម្បីព្យាលបានប្រពន្ធ សប្បុរសធម៌គ្រប់ទិសទី រួមមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និង បងប្អូន មិត្តភក្តិជាច្រើន បានរួមវិភាគទាន ដើម្បីជួយដល់ស្ត្រីដែលមានកូនខ្ចី ហើយកើតជម្ងឺដុះដុំសាច់ក្នុងសុដន់ ពេលនេះ បានវះកាត់ និង ព្យាបាលដោយជោគជ័យ។
ឯកឧត្តម អគ្គនាយក អគ្គនាយករង វិទ្យុ និង ទូរទស្សន៍ អប្សរាពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកជំទាវ ឌិត នីតា សហប្រធានស្ថានីវិទ្យុ និង ទូរទស្សន៍អប្សរា និង បានកោតសរសើរ ចំពោះក្តីស្រឡាញ់រាប់អាន របស់បងប្អូន សប្បុរសធម៌ រូមមានឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានរួមគ្នាផ្តល់សទ្ធា ដើម្បីជួយដល់ ភរិយារបស់ លោក គ្រី សម្បត្តិ ឲ្យឆ្លងផុតដំណាក់កាលវះកាត់ដោយជោគជ័យនាពេលនេះ។
ក្នុងនាមជាស្វាមីអ្នកជំងឺ ក្នុងនាមបុគ្គលិកអប្សរា និង មិត្តរួមអាជីព លោក គ្រី សម្បត្តិ បានថ្លែងអំណរគុណ ដល់សប្បុរសជន គ្រប់ទិសទី រួមមានឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលមើលឃើញ និង យកចិត្តទុកដាក់ ចំពោះកង្វះខាត រួមទាំងថ្លៃព្យាបាល ដល់គ្រួសារគាត់។ លោកចាត់ទុកការ រួបរួមគ្នាផ្តល់មូលនិធិនាពេលនេះ គឺជាកាយវិកាដ៏ប្រពៃថ្លៃថ្លា រកអ្វីប្រៀបពុំបាន ដូចពាក្យថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។ មួយវិញទៀត ការដែលបានជួបជុំភរិយាជាទីស្រឡាញ់ក្រោយពីវះកាត់នេះ លោកមិនអាចភ្លេចបានឡើយ ចំពោះកំលាំងជួយដ៏ធំសម្រាប់គ្រួសារលោក។ សូមបញ្ជាក់ថា ថវិកា រៃអង្គាស នេះ កើតឡើងភ្លាមៗ បន្ទាប់ពីមានការអំពាវនាវពីមិត្តរួមអាជីព រកសប្បុរសជន តាមបណ្តាញសង្គម ក្រោយដឹងរឿងរ៉ាវ ខ្វះខាតថវិកា ព្យាបាលប្រពន្ធរបស់ លោក គ្រី សម្បតិ្ត នាថ្ងៃទី ៣កុម្ភៈ ឆ្នាំ២០១៩៕





