រថយន្តឡិចស៊ីស៥៧០ បុកខឿនសួនច្បារពុះចែកទ្រូវផ្លូវបណ្ដាលឲ្យក្រឡាប់នៅផ្លូវជាតិលេខ១

ភ្នំពេញ៖ រថយន្តឡិចស៊ីស៥៧០មួយគ្រឿង ដែលម្ចាស់ស្រវឹងស្រា បានបើកទៅបុកខឿនសួនច្បារពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបែកកង់ ក្រឡាប់ផ្ងារជើងមួយចំហៀង តែមិនមានគ្រោះថ្នាក់ដល់អ្នកជិះនៅក្នុងរថយន្ត និងអ្នកដំណើរនោះទេ កាលវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគុលស្ពានមុនីវង្សចាស់ ត្រើយខាងកើត ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសបីនាក់ ដែលគេស្គាល់ថា ជាកូនថៅឈើនៅច្បារអំពៅ បានបើករថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-0777 ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ដូចហោះ ព្រមទាំងស្ថិតក្នុងស្ថានភាពស្រវឹងផង មកដល់ចំណុចកើតហេតុ ក៏រេចង្កូត ទៅខាងឆ្វេងដៃ ជ្រុលទៅបុកនឹងខឿនសួនច្បារពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបែកកង់ និងកំពិតផ្នែកខាងឆ្វេង និងក្រឡាប់ផ្ងារជើងមួយចំហៀង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងរថយន្ត និងអ្នកនៅក្បែរកន្លែងកើតហេតុនោះទេ។ ភ្លាមនោះដែរ អ្នកបើកបរដែលស្រវឹងទោរ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅ២ឃាត់ខ្លួន  តែការឃាត់ខ្លួននេះ មិនបានដឹកជនបង្ករបើកបរយកទៅប៉ុស្តិ៍នគរបាលទេ  គឺដឹកអ្នកបើកបរយកទៅផ្ទះតែម្តង។ ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចឲ្យម្ចាស់ស្ទូចយកទៅជួសជួលដោយខ្លួនឯង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner