ក្រសួងធនធានទឹក និងរដ្ឋបាលខេត្តបាត់ដំបង នាំយកគ្រឿងចក្រ និងម៉ាស៊ីនបូមទឹក បូមទឹកជួយប្រជាពលរដ្ឋស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ដែលកំពុងប្រឈមនឹងកង្វះទឹក
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារមន្ទីរជំនាញ និងអាជ្ញាធរស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ បានចុះពិនិត្យមើលស្ថានភាពបញ្ហាប្រឈមកង្វះទឹក និងតម្រូវការប្រើប្រាស់នៅពេលខាងមុខក្នុងស្រុកទាំងពីរ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ឯកឧត្តម ចាន់ យុត្ថា បានឲ្យដឹងថាក្រុមការងារក្រសួងបានចុះពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកនូវគ្រឿងចក្រ ម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកទម្លាក់ចូលក្នុងប្រឡាយមេសំខាន់ៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងកង្វល់ពីបញ្ហាប្រឈមកង្វះទឹកហូប និងទុកប្រើប្រាស់នាររដូវប្រាំងខាងមុខ ប្រ
មាណជាង២៨,០០០គ្រួសារ ដែលរស់នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកគាសក្រឡ និងស្រុកមោងឫស្សី ដោយបានចាប់ផ្តើមបូមទឹកចាប់តាំងពីថ្ងៃទី០៥ ខែកុម្ភៈមកនេះ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា ដើម្បីឆ្លើយតបនឹងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅគ្រប់វេទិកាជាតិ សម្តេចបានអំពាវនាវឲ្យក្រសួង ថ្នាក់ដឹកនាំខេត្ត និងរដ្ឋបាលគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ការថែរក្សា និងស្តុកទឹកប្រើប្រាស់ដើម្បីត្រៀមបង្ការនូវភាពរាំងស្ងួត គ្រោះខ្សត់ទឹកប្រើប្រាស់ នៅរដូវប្រាំងខាងមុខនេះ និងចុះអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋដែលប្រឈមខ្វះទឹកហូបចុក ប្រើ ប្រាស់ នៅតាមភូមិឃុំ និងសហគមន៍ដែលប្រឈមខ្លាំង។
ជាមួយគ្នានេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឲ្យដឹងថា គ្រឿងចក្រ និងម៉ាស៊ីនបូមទឹកនេះ បានចាប់ដំណើរការបូមតាំងពីព្រឹកម្សឹលមិញថ្ងៃទី៥ ខែកុម្ភៈ ដោយនៅស្រុកគាស់ក្រឡ ប្រើប្រាស់ម៉ាស៊ីនបូមទឹកមួយគ្រឿង ខ្នាតទំហំទុយោ(០៣តឹក) និងនៅស្រុកមោងឫស្សី ប្រើប្រាស់ម៉ាស៊ីនខ្នាតដូចគ្នា ចំនួន២គ្រឿង ព្រមទាំងគ្រឿងចក្រ០២គ្រឿងផងដែរ ដើម្បីធ្វើការកាយប្រឡាយបើកមុខទឹកឲ្យហូរ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពផលប៉ះពាល់ប្រឈមពីកង្វះទឹកហូបចុក និងទុកប្រើប្រាស់នៅក្នុងស្រុកទាំងពីរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំ បង បានមានប្រសាសន៍ ណែនាំដល់អាជ្ញាធរស្រុកទាំង២ ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ក្នុងស្រុករបស់ខ្លួន ឲ្យយកចិត្តទុកដាក់ ចេះថែរក្សាទឹកទុកប្រើប្រាស់ សម្រាប់ការហូបចុក និងតម្រូវការចាំបាច់ ក្នុងភូមិឃុំរបស់ខ្លួន។ ដោយមិនត្រូវខ្ជះខ្ជាយទឹក នាំគ្នាបូមដាក់ស្រែ ធ្វើស្រែ ដើម្បីប្រើជាប្រយោជន៍បុគ្គលឡើយ។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភប្រេងសម្រាប់បូមទឹកចំនួន៥០០លីត្រ ដល់ស្រុកគាស់ក្រឡផងដែរ។
ទន្ទឹមនឹងនេះ អាជ្ញាធរស្រុកគាស់ក្រឡ និងស្រុកមោងឫស្សី បានសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ដែលបានផ្តល់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹកដើម្បីជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុករបស់ខ្លួន និងឆ្លើយតបបានទាន់ពេលវេលា ស្រមពេលដែលបងប្អូន កំពុងមានការកង្វល់ពីបញ្ហាកង្វះទឹកប្រើប្រាស់៕ ម.ន
ដោយៈ អ៊ុក សំអាន



