សមត្ថកិច្ចបញ្ជូន ចំប៉ីខ្មៅ ដែលបង្ហោះវីឌីអូឃ្លីបជេរប្រមាថជាតិសាសន៍ខ្មែរ ទៅតុលាការនៅរសៀលថ្ងៃនេះ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ យុវជនម្នាក់ដែលជាភេទទី៣ ល្បីក្នុងបណ្ដាញសង្គម Facebook មានរហស្សនាម «ចំប៉ីខ្មៅ» និងត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីបង្ហោះវីឌីអូឃ្លីប ជេប្រមាថមើលងាយជាតិសាសន៍ខ្មែរយ៉ាងធ្ងន់។
ជនភេទទី៣ ចំប៉ីខ្មៅ រូបនេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ហើយកម្លាំងនគរបាលជំនាញបានសហការគ្នា ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជាក់ស្ដែងតែម្ដង ដែលយុវជនឈ្មោះ យិន ហេង ជាមនុស្សភេទទី៣ រហស្សនាម «ចំប៉ីខ្មៅ» កើតនៅឆ្នាំ១៩៩៦ ដែលបានធ្វើការបង្ហោះ ជាសាធារណៈដោយបានជេរប្រមាថមកលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក ដែលបានប៉ះពាល់យ៉ាងធ្ងន់។
សូមជម្រាបថា ការឈានទៅដល់ការឃាត់ខ្លួននេះ បន្ទាប់ពីយុវជន យិន ហេង ដែលមានគណនី Facebook ឈ្មោះ «ចំប៉ីខ្មៅ» បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឲ្យសមត្ថកិច្ចចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ៕ម.ន




