លួចគាស់តូបលក់ទូរសព្ទយកបាន៤៦គ្រឿង និងគេចខ្លួនបាន៣ថ្ងៃ ត្រូវម្ចាស់ឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រោយពីជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពឆ្កឹះសោចូលលួចយកទូរសព្ទដៃ នៅក្នុងតូបលក់ទូរសព្ទដៃលីយ៉ា ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ឃុន ដេត  ភេទបុ្រស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ៥ (មានសារធាតុញៀន) និង២)ឈ្មោះ យ៉ង យ៉ុង  ភេទបុ្រស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ រតនៈ ឡារ៉ាយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ទូរសព្ទដៃ ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារបាត់បង់៖ ទូរសព្ទ័ដៃ៤៦គ្រឿង (ទូរសព្ទដៃម៉ាកសាំងសុង១៨គ្រឿង ម៉ាកOPPO៥គ្រឿង ម៉ាកអាយហ្វូន១១គ្រឿង ម៉ាកLG៦គ្រឿង ម៉ាកហួវៃ៣គ្រឿង ម៉ាកខេមហ្វូន១គ្រឿង ម៉ាកស៊ីថែល១គ្រឿង និងម៉ាកគីមផ្លី១គ្រឿង)។ ដោយឡែកសម្ភារបន្សល់ទុក៖ ទូរសព្ទដៃ៤គ្រឿង (ម៉ាកអប់ប៉ូ០១គ្រឿង ម៉ាកអាយហ្វូន១គ្រឿង ម៉ាកស៊ីថែល១គ្រឿង និងម៉ាកគីមផ្លី១គ្រឿង)។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើហេតុ ថ្ងៃទី៣០-១-២០១៩ ពេលល្ងាច ជនរងគ្រោះបានបិទតូបរបស់ខ្លួនរួចចូលដេកនៅបន្ទប់ខាងក្រោយហាង លុះព្រឹកឡើងថ្ងៃទី៣១-០១-២០១៨ ជនរងគ្រោះបានក្រោកពីដំណេក បើកហាងលក់ ឃើញបាត់ទូរសព្ទដៃពីក្នុងទូ និងមានរបើកទ្វារហាង ជនរងគ្រោះបានបើកកាមេរ៉ាសុវត្ថិភាពមើល ឃើញមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆ្កឹះសោចូលលួចយកទូរសព្ទដៃក្នុងហាង វេលាម៉ោង០១ និង៣០នាទី រំលងអាធ្រាត។ លុះដល់ថ្ងៃទី០៣-០២-២០១៩ វេលាម៉ោង១៦ និង០០នាទី ជនរងគ្រោះបានឃើញេជនសង្ស័យមានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព កំពុងដើរតាមផ្លូវ ក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្ដង។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង២ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំអនុវត្តតាមនិតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner