ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានថ្នាំញៀន១១កញ្ចប់តូចធំ
ភ្នំពេញ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់កម្លាំងផ្នែកប្រឆាំងគ្រឿងសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ ចុះបង្ក្រាប ករណីជួញដូរសារធាតុ នៅបន្ទប់ជួលមួយកន្លែង ដែលមានស្ត្រីម្នាក់ជាម្ចាស់បន្ទប់ផ្តល់ទីតាំងឲ្យប្រើប្រាស់ និងជាអ្នកលក់ថ្នាំញៀនផង។
ក្នុងនោះកម្លាំងបានឃាត់ខ្លួនបុរសម្នាក់ទៀត ដែលមកទិញ និងកំពុងប្រើប្រាស់សារធាតុញៀន ក្នុងបន្ទប់ជាក់ស្តែង នៅវេលាម៉ោង១៤និង០០ នាទីរសៀល ថ្ងៃទី០១ កុម្ភៈ ២០១៩ នៅបន្ទប់ជួលលេខ៩៥ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់បានជនសង្ស័យទាំង២នាក់ រួមនឹងថ្នាំញៀន១១កញ្ចប់តូចធំ។

លោកអធិការបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ម៉ាង ចាន់ឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងម៉ាស៊ីន មានទីលំនៅភូមិ ព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់សារធាតុញៀន) និងជនសង្ស័យទី២)ឈ្មោះ អេង ស្រីណែត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (ជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន)។

លោកបន្តឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន គឺដោយមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបលោកបានបញ្ជាទៅកម្លាំងផ្នែកជំនាញ
សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសរបស់អធិការនគរបាលខណ្ឌ ចុះទៅដល់ចំណុចបន្ទប់នោះ ក៏ឃាត់បានជនសង្ស័យទាំង២នាក់ រួមនឹងថ្នាំញៀន១១កញ្ចប់ ក្នុងនោះមាន១០កញ្ចប់ល្មម និង១កញ្ចប់ធំ ទូរសព្ទដៃមួយគ្រឿងម៉ាក ស្តាយវីយូ រួមនឹងថង់ច្រកមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលារការចាត់ការតាមផ្លូវច្បាប់៕ធ.ដ