សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមជាមួយនឹងថ្នាំញៀន២កញ្ចប់
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន២កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចជិះល្បាតធ្វើការបង្ក្រាប កាលវេលាម៉ោង០០ និង៣០នាទីយប់ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ បេន ហាច ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទី២)ឈ្មោះ អ៊ិន ភីនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិតាំងគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងទី៣)ឈ្មោះ ហ៊ិន សុធុច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិតាំងគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ចំណែកសម្ភារដកហូត៖ក្រាមសថ្លា០២កូនថង់ និងម៉ូតូ១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អុម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន៣នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចកម្លាំងបានខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ