ហាយឡែនឌ័រស្លាកលេខខ.ម បើកបុករះរ៉ឺម៉ក រថយន្ត និងម៉ូតូ រងរបួសធ្ងន់ស្រាល៤នាក់
ភ្នំពេញ៖ ថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង អ្នកបើកបរពិតជាមិនធម្មតា ចិត្តសឿង បើកបោះពួយលឿនជ្រុលទៅបុកពីក្រោយ ម៉ូតូរ៉ឺម៉កលក់កញ្ច្រែងចាន ឆ្នាំង ទូផ្តៅ ក្រឡាប់ផ្ងារជើង ហើយបន្ថែមល្បឿន ក្នុងបំណងបើករត់ តែមិនរួច ជ្រុលទៅបុករះ រ៉ឺម៉កម៉ូតូដឹកប្រេង ររថយន្តនិងម៉ូតូ២គ្រឿងបន្ថែមទៀត ទើបបែកកង់ទៅមុខលែងរួច បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល អ្នកបើករថយន្តបង្កត្រូវបានឃាត់ខ្លួនផងដែរ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ខេមរភូមិន្ទ09 2-9664 បើកក្នុងល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយ រ៉ឺម៉កម៉ូតូ លក់ទូផ្តៅ ចាន ឆ្នាំង ក្រឡាប់ផ្ងារជើង ហើយរថយន្តមិនបានឈប់ឡើយ បន្ថែមល្បឿនបើករត់គេច តែមិនរួច ទៅមិនផុត បានចម្ងាយប្រមាណ១០០ម៉ែត្រ ក៏ជ្រុលបុករះ រ៉ឺម៉កម៉ូតូដឹកប្រេង បុករថយន្ត កាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-7107 ម៉ូតូសេ១២៥ពណ៌ខ្មៅ សេរី២០៦ ពាក់ស្លាកលេខ ភ្នំពេញ 1DC- 2101 និងម៉ូតូ MSX មួយគ្រឿងទៀត។

ក្នុងហេតុការណ៍នេះ បង្កឲ្យមនុស្សចំនួន៤នាក់រងរបួស ៣នាក់របួសធ្ងន់ ម្នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្ត២គ្រឿង រ៉ឺម៉កម៉ូតូ3គ្រឿង ម៉ូតូចំនួន២គ្រឿង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ប្រមូលដឹកយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី៕ធ.ដ

