គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៥ រ៉ិកទ័រវាយប្រហារប្រទេសម៉ិកស៊ិក
ម៉ិកស៊ិក៖ ទីភ្នាក់ងារឧតុនិយមម៉ិកស៊ិកបានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៥ រ៉ិកទ័របានធ្វើការវាយប្រហារទីក្រុងជាប់ព្រំដែន ស៊ីដេដ ហ៊ីដាល់ហ្គោ រដ្ឋ ឈីផាស់ ភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។

មន្រ្តីសេវាឧតុនិយមជាតិ SSN បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងនៅម៉ោង១០និង១៤នាទីថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) មានចម្ងាយ៣៧គីឡូម៉ែត្រភាគនិរតីទីក្រុង ស៊ីដេដ ហ៊ីដាល់ហ្គោ ដែលជាក្រុងមានទីតំាងនៅព្រំដែនម៉ិកស៊ិក ជាមួយនឹងហ្គាតេម៉ាឡា។ ដំបូងឡើយ មន្រ្តីសេវាឧតុនិយមជាតិ SSN បានរាយការណ៍បឋមថា គ្រោះរញ្ជួយដីខាងលើនេះ មានកម្រិត៦.៦រ៉ិកទ័រ តែក្រោយមកបានទម្លាក់មកនៅត្រឹម៦.៥រ៉ិកទ័រវិញ។

បើតាមការបញ្ជាក់របស់អាជ្ញាធរម៉ិកស៊ិក គ្រោះមហន្តរាយនេះ បានបង្កការញប់ញ័រដល់បណ្តាតំបន់មួយចំនួននៅក្នុងទីក្រុងនៃប្រទេសម៉ិកស៊ិក និងនៅក្នុងរដ្ឋ អក់ហ្សាកា រដ្ឋ ហ្គឺរ៉េរ៉ូ រដ្ឋ ភើផ្លា រដ្ឋ ម៉ិកស៊ិក និងរដ្ឋ វើរ៉េគ្រូស ជាទីដែលប្រជាជនជម្លៀសខ្លួនជាបណ្តោះអាសន្នចេញពីលំនៅដ្ឋាន និងអគារការិយាល័យ៕ធ.ដ

