សភាអឺរ៉ុបទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា ជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា
អត្ថបទដោយ៖
Kien Sereyvuth
បែលហ្ស៊ិក៖ ក្រុមសមាជិកសភានៃសហភាពអឺរ៉ុបបានមូលមតិគ្នាបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចមួយ ដើម្បីទទួលស្គាល់លោក ចូអាន ហ្គៃដូ ជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា ហើយថែមទាំងបានអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសដែលជាសមាជិករបស់ខ្លួនធ្វើបែបនេះដែរ។

ជុំវិញវិបត្តិនយោបាយដ៏តានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡា បណ្តាប្រទេសអឺរ៉ុបមួយចំនួនធំ ដូចជាបារាំង អេស៉្បាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងហូឡង់ជាដើម បានទុកពេល៨ថ្ងៃឲ្យប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ា់ឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ។

ថែមទាំងបានព្រមានដែរថា បើលើសពីរយៈពេលនេះ ហើយលោក ម៉ាឌូរ៉ូ នៅតែមិនព្រមធ្វើតាមនោះ ពួកគេនឹងទទួលស្គាល់លោក ហ្គៃដូ ជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា ដូចទៅនឹងសហរដ្ឋអាម៉េរិក ព្រមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ៕ធ.ដ

