អាកាសធាតុត្រជាក់ខុសពីធម្មតា កំពុងវាយប្រហារតំបន់កណ្តាលភាគខាងជើងសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា អាកាសធាតុដ៏ត្រជាក់ខ្លាំងខុសពីធម្មតា កំពុងធ្វើឲ្យតំបន់កណ្តាលភាគខាងជើងនៃសហរដ្ឋអាម៉េរិកធ្លាក់ចុះសីតុណ្ហភាពដល់កម្រិតទាប ដូចទៅនឹងតំបន់ប៉ូលខាងត្បូងផែនដី។

នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) សីតុណ្ហភាពបានចុះដល់ជាងដក៣០ទៅជិតដក៥០អង្សាសេ ដែលវាជាកម្រិតសីតុណ្ហភាពប្រៀបដូចជានៅទ្វីបអង់តាកទិកនៅប៉ូលខាងត្បូងផែនដី។ ជាមួយគ្នានេះ មជ្ឈមណ្ឌលផ្តល់កម្តៅរាប់រយកន្លែងត្រូវបានបើកសម្រាប់អ្នកដែលងាយរងគ្រោះដូចជា ជនចាស់ជរាគ្មានទីពឹងជាដើម ចំណែកឯជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយសាលារៀន និងហាងលក់ដូរត្រូវបានបិទទ្វារ ស្របពេលដែលមនុស្ស៨នាក់ហើយបានស្លាប់ ដោយគេសន្និដ្ឋានថា គឺបណ្តាលមកពីអាកាសធាតុដ៏ត្រជាក់នេះ។

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរអាម៉េរិកនៃបណ្តារដ្ឋក្នុងតំបន់កណ្តាលភាគខាងជើងនៃសហរដ្ឋអាម៉េរិក បានជំរុញឲ្យប្រជាជនស្ថិតនៅក្នុងលំនៅឋាន ប្រសិនបើគ្មានករណីចាំបាច់ គឺគួរតែកុំចេញទៅខាងក្រៅ ខណៈការចុះត្រជាក់ខ្លាំងត្រូវគេរំពឹងថា នឹងបន្តមកពីថ្ងៃពុធរហូតដល់ថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ៕ធ.ដ



