ប្រជាពលរដ្ឋស្រុកវ៉ឺនសៃទទួលបានធុងចម្រោះទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
រតនគិរី៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បាននាំយកធុងចម្រោះទឹកស្អាតចំនួន៦៩៦ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដោយក្រុមហ៊ុនហួវៃ ទៅយកចែកជូនប្រជាពលរដ្ឋនៅស្រុកវ៉ឺនសៃ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា យោងតាមការព្យាករណ៍អាកាសធាតុកន្លងមក នារដូវប្រាំងនេះកម្ពុជាអាចមានការរាំងស្ងួត ដូចនេះ សូមអំពាវនាវដល់ពលរដ្ឋដែលរស់នៅឆ្ងាយពីប្រភពទឹក ត្រូវប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃ ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់ការងារចាំបាច់ប្រចាំថ្ងៃ និងអំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមវិធានការរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

មានប្រសាសន៍លើកឡើងនៅនេះដែរ ឯកឧត្តម កឹមរត្ន័ វិសិដ្ឋ រដ្ឋលេខាធិការស្តីទីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិការសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឈន៍ឲ្យមាការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស សម្តេចបានចាត់ទុកថា សុខទុក្ខរបស់ ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេច៕ធ.ដ ដោយ៖ គតិ យុត្ត





