ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណិចិនឆ្នាំនេះ អាកាសយានដ្ឋានសុវណ្ណភូមិរបស់ថៃ រំពឹងទទួលបានអ្នកធ្វើដំណើរ២,៦លាននាក់
ថៃ៖ សារព័ត៌មាន បាងកក ប៉ុស្តិ៍ បានចុះផ្សាយថា អាកាសយានដ្ឋានសុវណ្ណភូមិ ត្រូវបានគេព្យាករណ៍ថា នឹងទទួលបានក្រុមអ្នកធ្វើដំណើរឆ្លងកាត់ប្រមាណ២,៦លាននាក់ នៅអំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលខាងមុខនេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា នឹងមានជើងហោះហើរចំនួន១៤,៧០៥ជើង នឹងហោះហើរចេញ និងចូលអាកាសយានដ្ឋានសុវណ្ណភូមិ នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិននាពេលខាងមុខ ឬក៏មានការកើនឡើង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ជាមួយគ្នានេះ លោក Suthirawat Suwannawat ប្រធានអាកាសយានដ្ឋានសុវណ្ណភូមិ បានបញ្ជាក់ថា ការប៉ាន់ស្មាននេះ បានបង្ហាញថា នឹងមានការកើនឡើង៣,៣ភាគរយ នៅក្នុងចរាចរនៃអ្នកធ្វើដំណើរនៅអាកាសយាន្តដ្ឋាន នាអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លោកបានបន្ថែមទៀតថា ដើម្បីឆ្លើយតបនឹងកំណើនក្រុមអ្នកធ្វើដំណើរនោះ រូបលោកបានស្នើឲ្យក្រុមអ្នកធ្វើដំណើរប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យ ចូល (Check-In) ដោយស្វ័យប្រវត្តិ ដែលបានដាក់ឲ្យដំណើរការនៅអាកាសយានដ្ឋាននោះស្រាប់៕ធ.ដ
