សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ និងជួញដូរថ្នាំញៀន២នាក់
ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍ច្រាំងចម្រេះ១ ដឹកនាំដោយលោកអនុសេនីយ៍ទោនាយប៉ុស្ដិ៍ រឿន វន និងកម្លាំងប៉ុស្ដិ៍ឫស្សីកែវ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្រោមការបញ្ជាពីលោកវរសេនីយ៍ទោ គល់ យី អធិការ បានតាមបង្ក្រាបជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន២នាក់ បែរជារកឃើញជាក់ស្ដែងឃើញតែឧបករណ៍ប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ តាំងពីល្ងាចមកដល់ម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចក្រុមទី៤ ភូមិ២ សង្កាត់ច្រាំងចម្រេះ១ និងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ០៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។

នាយនគរបាលប៉ុស្ដិ៍ច្រាំងចម្រេះ១ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស៊ី វត្ថា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដោយដកហូតវត្ថុតាងមានសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ឯជនសង្ស័យម្នាក់ទៀត ជាមុខសញ្ញាជួញដូរថ្នាំញៀនមានឈ្មោះ សេត រ៉ូហ្សា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរកីទ្បាបាលទាត់ មានទីលំនៅផ្ទះគ្មានលេខ ក្រុម៥ ភូមិក សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ ដោយជាក់ស្ដែងដកហូតវត្ថុតាងបានតែឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនប៉ុណ្ណោះ នៅក្នុងការតាមស្រាវជ្រាវបង្ក្រាបនេះ។

លោកបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបាននាំយកមកបន្តសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ធ.ដ