ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួច ក្រោយពីរត់គេចខ្លួនបាន៧ថ្ងៃ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកអាយផេតពីក្នុងទូជួសជុលទូរសព្ទដៃ ហើយរត់គេចខ្លួនបាន០៧ថ្ងៃ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨និង០០នាទី។
ជនសង្ស័យឈ្មោះ គង់ សុជាតិ ភេទបុ្រស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ស៊ាន នាថសូភត្រា ភេទបុ្រស អាយុ២៦ឆ្នាំ មុខរបរលក់ និងជួសជុលទូរសព្ទ័ដៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សម្ភារបាត់បង់៖ អាយផេត១គ្រឿង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើហេតុ កាលពីថ្ងៃទី១៤មករាឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៩ និង១៤នាទី ជនរងគ្រោះបានទុកឲ្យផេតរបស់ខ្លួននៅលើតុកក្នុងតូបលក់ រួចបានដើរទៅទិញសម្ភារ ស្រាប់តែមានជនសង្ស័យបានជិះម៉ូតូម៉ាកធូដេរ មកឈប់មុខតូបរបស់ជនរងគ្រោះ ដោយមានសភាពស្ងាត់ជនសង្ស័យបានលួចយកអាយផេត ពីក្នុងតូបរបស់ជនរងគ្រោះ រួចជិះម៉ូតូរបស់ខ្លួនគេចខ្លួនចេញទៅបាត់។
លុះពេលជនរងគ្រោះត្រឡប់វិញ មិនឃើញអាយផេត ក៏បានបើកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យខាងលើលួចយកអាយផេតរបស់ខ្លួន។ រហូតដល់ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៩នេះ ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងនៅតាមផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូឬបែកក្អម ក៏បានធ្វើការឃាត់ប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍អូរបែកក្អម ធ្វើការសាកសួរតែម្តង។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកអាយផេតរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ
