បុរសម្នាក់ដើរឆ្លងថ្នល់ ត្រូវរថយន្តកុងទីន័រក្រុមហ៊ុនផែស្ងួត តេងឡាយ បើកបុករងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តកុងទីន័ររបស់ក្រុមហ៊ុនផែស្ងួត តេងឡាយ មួយគ្រឿង បានបើកបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ រីឯតៃកុងរថយន្តបង្កពេលឃើញសភាពមិនស្រួល បានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តកណ្ដាលផ្លូវ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ ខាងកើតវិទ្យាល័យច្បារអំពៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះសង្ស័យស្រវឹង បានដើរលើផ្លូវជាតិទៅវិញទៅមកក្បែរៗកន្លែងកើតហេតុតាំងពីក្បាលព្រលប់មកម៉្លេះ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែឃើញដើរឆ្លងផ្លូវពីត្បូងមកជើងវិញ ក៏ត្រូវបានរថយន្តកុងទីន័រមួយគ្រឿង ក្បាលពណ៍បៃតងចាស់ ដែលមានស្លាកលេខភ្នំពេញ 3C-3625 ជារបស់ក្រុមហ៊ុនផែស្ងួត “តេងឡាយ” ដែលកំពុងបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកបុរសរូបនោះបោកផ្ទប់រថយន្តបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ដោយបែកក្បាលហូរឈាមពេញផ្លូវតែម្តង។

ភ្លាមនោះអ្នកបើកបររថយន្តបង្កឃើញសភាពមិនស្រួលបានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តចោលកណ្ដាលផ្លូវ។ បន្តិចក្រោយមក ក៏មានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយមកសមត្ថកិច្ចផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner