ចំណូលរបស់ក្រុមហ៊ុន Apple ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ធ្លាក់ចុះ៥%
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសចុងក្រោយឆ្នាំ២០១៨ ហើយក៏ជារបាយការណ៍ក្នុងត្រីមាសដំបូងសម្រាប់ឆ្នាំ២០១៩ ក្នុងនោះ រកចំណូលបានសរុប៨៤,៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន នេះបើតាមការចេញផ្សាយរបស់គេហទំព័ររបស់ Apple ផ្ទាល់។

ប្រភពឲ្យដឹងដែរថា ចំណូលបានពីការលក់ iPhone មានការធ្លាក់ចុះ ១៥% ដោយលក់បាន ៥១,៩ ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុនលក់បាន ៦១,១ ពាន់លានដុល្លារ។ ដោយឡែកចំណូលបានពីការលក់ផលិតផលដទៃ និងសេវាកម្មមានការកើនឡើងគួរឲ្យកត់សម្គាល់។

ចំណូលពីការលក់ iPad បានកើនឡើង១៧%, ចំណូលពីការលក់កុំព្យូទ័រ Mac កើនឡើង ៩% និងចំណូលពីការលក់ផលិតផលផ្សេងទៀតកើនឡើង៣៣%។ មើលលើប្រាក់ចំណេញវិញ នៅត្រីមាសដដែលនេះ Apple អាចរកបាន ១៩,៩៦ ពាន់លានដុល្លារ ខណៈឆ្នាំកន្លងទៅអាចរកបាន ២០,០៦ ពាន់លានដុល្លារ៕ធ.ដ

