សហរដ្ឋអាម៉េរិកបង្ហើបថា រុស្ស៊ីសន្យាផ្តល់រោងចក្រថាមពលនុយក្លេអ៊ែរ បើកូរ៉េខាងជើងព្រមលុបបំបាត់អាវុធប្រល័យលោក
សហរដ្ឋអាម៉េរិក៖ ក្រុមមន្ត្រីអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់កាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ ថា រុស្ស៊ីបានដាក់សំណើសម្ងាត់មួយទៅកាន់កូរ៉េខាងជើង ដើម្បីដោះស្រាយភាពជាប់គាំងនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។

ជុំវិញរឿងនេះដែរ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាម៉េរិក នៅថ្ងៃអង្គារ៍នេះ ក៏បានចេញផ្សាយរបាយការណ៍មួយដែរថា កូរ៉េខាងជើងទំនងជានឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុងនោះទេ បើទោះជារដ្ឋបាលលោក ដូណាល់ ត្រាំ អះអាងជាច្រើនលើកថា កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយលោក គីម ជុងអ៊ុន មានភាពរីកចម្រើនទៅមុខក៏ដោយ។

បើតាមការបញ្ជាក់របស់ក្រុមមន្ត្រីអាម៉េរិកខាងលើនេះ នៅក្នុងសំណើសម្ងាត់នោះ ក្រុមមន្ត្រីរុស្ស៊ីបានសន្យាផ្ដល់រោងចក្រថាមពលនុយក្លេអ៊ែរមួយដល់កូរ៉េខាងជើង ជាថ្នូរនឹងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប។ យ៉ាងណាមិញ ខាងសេតវិមាន និងក្រសួងការបរទេសអាម៉េរិក ក៏ដូចជាភាគីរុស្ស៊ីផ្ទាល់ មិនបានធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះទេ៕ធ.ដ

