សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ
ក្នុងពិធីសម្ពោធអគារសិក្សានៅបណ្ឌិតសភានគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា «ខ្ញុំសុំលើកទឹកចិត្តនគរបាលទៅរៀន។ ចំពោះអ្នកដែលគេបញ្ជូនទៅរៀននោះ ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន មានសមត្ថភាពបម្រើប្រជាពលរដ្ឋ»។

សម្ដេចបន្តថា «អំណេះតទៅ ខ្ញុំសូមប្រាប់ទៅឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបុគ្គលិក ត្រូវមើលឲ្យច្បាស់លាស់ មុនដំឡើងមន្ត្រីនគរបាលថា តើគាត់ធ្លាប់រៀនជំនាញអ្វី? នៅកន្លែងណា? សាលាណា? មិនត្រូវដំឡើងឋានន្តរស័ក្តិ ដែលមិនបានរៀនសូត្រវគ្គសិក្សាទេ។ បើតាមប្រសាសន៍សម្ដេចក្រឡាហោម ប្រទេសប្រជាធិបតេយ្យ និងនីតិរដ្ឋ នគរបាលជាមន្ត្រីអនុវត្តច្បាប់។ ដើម្បីអនុវត្តច្បាប់បាន ត្រូវចេះច្បាប់។ «ខ្ញុំសូមបញ្ជាក់ថា ការបញ្ជូនមន្ត្រីនគរបាលទៅរៀន មិនមែនជាការដាក់ទណ្ឌកម្មទេ។»

ថ្លែងក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា បានលើកឡើង អំពីសមិទ្ធផលធំៗ ដែលសម្រេចបាននៅលើផ្ទៃដី១៣ហិកតារបស់ខ្លួន ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ រួមមាន៖
ទី១)អគារស្នាក់នៅ សម្រាប់និស្សិត សិក្ខាកាម និងសិស្ស១ខ្នង មានកម្ពស់៥ជាន់ ស្មើនឹង៥០បន្ទប់។
ទី២)អគារស្នាក់នៅ សម្រាប់គ្រូនគរបាលជាតិ១ខ្នង មានកម្ពស់៣ជាន់ ស្មើ៣០បន្ទប់។
ទី៣)ទីលានហ្វឹកហាត់បាញ់គ្រាប់ពិត គឺជាកន្លែងចាំបាច់មួយ សម្រាប់អង្គភាពបណ្តុះបណ្តាលកងកម្លាំងដើម្បីធ្វើការហ្វឹកហាត់បាញ់គ្រាប់ពិតសម្រាប់អាវុធវែង និងអាវុធខ្លី ឲ្យបានស្ទាត់ជំនាញ និងបាញ់ត្រង់ចំគោលដៅពេលបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនានា។

ទី៤)ទីលានហ្វឹកហាត់ឆ្លងកាត់ឧបសគ្គ គឺជាកន្លែងចាំបាច់មួយទៀត សម្រាប់ការបណ្តុះបណ្តាលកងកម្លាំងឲ្យមានភាពអត់ធ្មត់ អាចទ្រាំបាននឹងស្ថានភាពលំបាកស្មុគស្មាញ ហើយតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីឈានទៅសម្រេចគោលដៅនៃកិច្ចប្រតិបត្តិការប្រកបដោយជោគជ័យ។
ទី៥)អាងហ្វឹកហាត់ហែលទឹក ត្រូវបានសង់ឡើងក្នុងគោលបំណងធ្វើការហ្វឹកហាត់កងកម្លាំង ឲ្យចេះហែលទឹកបានស្ទាត់ជំនាញ និងត្រឹមត្រូវតាមនិយាមបច្ចេកទេស ដើម្បីធានាបាននូវប្រសិទ្ធភាពអនុវត្តការងារ ដូចជា ការចុះកិច្ចប្រតិបត្តិការតាមផ្លូវទឹក ការរំដោះខ្លួនពេលទូកលិច ការជួយសង្គ្រោះមនុស្សលង់ទឹក មនុស្សរងគ្រោះដោយទឹកជំនន់ ការស្វែងរកជនរងគ្រោះក្នុងទឹកជាដើម។

ទី៦)អគារក្បាច់គុណ ជាទីកន្លែងហ្វឹកហាត់សំខាន់មួយទៀតសម្រាប់កងកម្លាំង ដែលចាំបាច់ត្រូវតែចេះក្បាច់គុនស្ទាត់ជំនាញ សម្រាប់ការពារខ្លួន ការចាប់ខ្លួនជនល្មើស និងការប្រយុទ្ធតតាំងជាមួយជនល្មើស ស្របតាមលក្ខណៈបច្ចេកទេស ព្រមទាំងបានជួយពង្រឹងកាយសម្បទា សុខភាព និងបង្កើនភាពរហ័សរហួនដល់កងកម្លាំងផងដែរ។
ទី៧)សម្រាប់ទីលានសិក្សាប្រតិបត្តិ ត្រូវបានសាងសង់ឡើងការហាត់ដើរស្មើ ការអនុវត្តលំហាត់របៀប ការប្រជុំជួរ ការរៀបចំឆាកបង្រ្កាបបទល្មើស និងសង្គ្រោះនានា។ ចំណែកសួនច្បារ រុក្ខវិថី ភ្លើងលម្អ និងរុក្ខជាតិនានាក៏បានជួយលើកកម្ពស់សោភណ្ឌភាព បណ្ឌិត្យសភាបន្ថែមទៀតផងដែរ។

និងទី៨)ផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹកក្នុងបរិវេណបណ្ឌិត្យសភា ដែលបានកសាងដោយសាលារាជធានីភ្នំពេញ បានជួយសម្រួលចរាចរណ៍ផ្ទៃក្នុង ជួយលើកកម្ពស់សោភណ្ឌភាពនិងកិត្យានុភាពរបស់បណ្ឌិត្យសភាបានមួយកម្រិតទៀត។ ចំណែកប្រព័ន្ធលូ បានជួយរំដោះទឹកភ្លៀងចេញពីបរិវេណបានទាន់ពេលវេលា ពីព្រោះកាលពីមុននេះ នៅពេលភ្លៀងម្តងៗធ្វើឲ្យទឹកជន់លិចផ្លូវ និងបរិវេណមួយផ្នែកធំ ដែលធ្វើឲ្យរំខានដល់ការបំពេញការងារ ការសិក្សារៀនសូត្រ និងការហ្វឹកហាត់ប្រចាំថ្ងៃ៕ធ.ដ




