រថយន្តឡិចសុីសមួយគ្រឿងចតទុកចោល៣ថ្ងៃ រកម្ចាស់មិនឃើញ សមត្ថកិច្ចស្ទូចយកទៅរក្សាទុក
ភ្នំពេញ ៖ រថយន្តឡិចសុីសRX330 មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅឈប់ចតទុកចោលតាផ្លូវ អស់រយៈពេល៣ថ្ងៃមកហើយ ប្រកាសស្វែងរកម្ចាស់មិនឃើញមកយកចេញវិញក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យរួច ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

រថយន្តត្រូវបានគេចតផ្លុងចោល ម៉ាក ឡិចសុីសRX-330 ពណ៌ស ពាាក់ស្លាកលេខ ភ្នំពេញ 2C-8797 មិនស្គាល់ម្ចាស់ ។ តាមអ្នកលក់ដូរ ក៏ដូចជាសន្តិសុខយាម ក្បែរទីនោះ បានឲ្យដឹងថារថយន្តខាងលើ ត្រូវបានប្រទះឃើញចតទុកចោល តាំងពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩មកម្ល៉េះ អស់រយៈពេល៣ថ្ងៃហើយ សាកសួររកម្ចាស់ពុំឃើញ ដោយខ្លាចជាប់ពាក់ព័ន្ធនឹងរឿងបទល្មើសផ្សេងៗ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច មកស្ទូចលើកយកទៅរក្សាទុក បន្តស្រាវជ្រាវរកម្ចាស់នៅព្រឹកថ្ងៃទី៣០ ខែមករានេះ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា កន្លងមក រថយន្តចតទុកចោលបែបនេះ ច្រើនតែជនបរទេស បើកមកចតទុកចោលតាមផ្លូវហើយគាត់ឡើងយន្តហោះទៅបាត់។ រថយន្តឡិចសុីសមួយគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅត្រួតពិនិត្យរួច ស្ទូចលើកយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បីបន្តធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ ៕ធ.ដ


