ជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២នាក់ ត្រូវបានព្រះរាជអាជ្ញារងដោះលែង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី២៣ ខែមករា ត្រូវលោកព្រះរាជអាជ្ញារង លោក ប្លង់ សុផល ដោះលែងវិញឲ្យទៅផ្ទះវិញហើយ ដើម្បីបានឱកាសកែប្រែខ្លួន ព្រោះពួកគេនៅក្មេងៗណាស់។ នេះបើតាមមន្ដ្រីតុលាការ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។

មន្រ្តីតុលាការមួយរូបបានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវលោកព្រះរាជអាជ្ញារង លោក ប្លង់ សុផល ដោះលែងកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នោះ រួមមាន៖ ទី១)ឈ្មោះ ផន ធារ៉ា និងទី២)ឈ្មោះ ម៉ៅ រីសុខករុណា។ ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោល ឃាត់ខ្លួនកាលពីម៉ោង១០និង៣០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្បែរស្តុបត្រឡោកបែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងចំណុចគោលដៅឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងគ្រឿងស្រវឹង។

នគរបាលមូលដ្ឋានខណ្ឌទួលគោកវិញ បានបង្ហើបថា នៅពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានដកហូតវត្ថុតាងជាគ្រឿងញៀនមួយចំនួនយ៉ាងពិតប្រាកដ ប៉ុន្តែសមត្ថកិច្ចជំនាញពិនិត្យទឹកនោមជនសង្ស័យ គឺគ្មានសារធាតុញៀននោះទេ។

តែសមត្ថកិច្ចក៏ឆ្ងល់ដែរថា បើជនសង្ស័យមិនសេពគ្រឿងញៀន ហេតុអ្វីត្រូវទិញគ្រឿងញៀនទុកនៅជាប់នឹងខ្លួន? ដូច្នេះទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់។ យ៉ាងណាក៏ដោយ ការដោះលែងជនសង្ស័យទាំង២នាក់នេះ ត្រូវបានមន្រ្តីតុលាការលួចបង្ហើបថា ជាចំណាត់ការរបស់ក្រឡាបញ្ជីរបស់លោក ប្លង់ សុផល៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner