ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធរូបសំណាកលោកតា ប្រាជ្ញ ឈួន នៅវត្តសម៉វត្តី ស្រុកទ្រាំង ខេត្តតាកែវ
ឆ្លើយតបទៅនឹងសំណូមពររបស់លោកតាព្រឹទ្ធាចារ្យវោហារ ប្រាជ្ញ ឈួន ដែលកាលពីលោកតានៅមានជន្មាយុ ចង់ឲ្យមានការកសាងជារូបសំណាកទុកជាអនុស្សាវរីយ៍ និងឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់គោរពបូជានោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោក ជំទាវ ទេព រង្ស៊ី ក្នុងទឹកចិត្តសប្បុរសធម៌ស្រឡាញ់រាប់អានលោកតា តាំងពីយូរណាស់មក ហើយនោះ បានជូនតាមសំណើ ដោយចេញថវិកាផ្ទាល់ ឲ្យជាងកសាងរូបសំណាក១ ដើម្បីដាក់តាំងតម្កល់នៅក្នុងទីអារាម វត្តសម៉វត្តី ភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ រូបសំណាកលោកតាព្រឹទ្ធាចារ្យវោហារ ប្រាជ្ញ ឈួន ទើបបានកសាង ហើយរួចរាល់ និងដឹកយកមកតម្កល់ក្នុងវត្តសម៉វត្តី ហើយត្រូវបានប្រារព្ធពិធីសម្ពោធ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ។

លោក ទឹម អ៊ុយ មេឃុំខ្វាវ បានជម្រាបជូនពីការកសាងរូបសំណាកលោកតាព្រឹទ្ធាចារ្យ ភិរម្យ វោហារ ប្រាជ្ញ ឈួន ត្រូវបានកសាងឡើងដោយធ្លាក់ធ្វើពីថ្មភក់ ទំហំទទឹង០.៨ម៉ែត្រ កម្ពស់១.២០ ម៉ែត្រ អង្គុយកាន់ចាប៉ី ដងវែង ជាសកម្មភាពកំពុងតែសម្តែង ចម្រៀង ចាប៉ី ជូនមហាជនស្តាប់កម្សាន្ត។ ការកសាងរូបសំណាកនេះ ចំណាយរយៈពេល៣ខែ ទើបហើយរួចរាល់ និងចំណាយថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ អស់ប្រមាណជាង២ពាន់ដុល្លារ។ ជាការកត់សម្គាល់ដែរថា កាលពីលោកតា ប្រាជ្ញ ឈួន នៅមានជន្មាយុនៅឡើយនោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានចេញថវិកាជួយសាងសង់ផ្ទះថ្ម១ខ្នង នៅភូមិកំណើត ជូនលោកតា បានស្នាក់នៅសមរម្យ ព្រមទាំងផ្តល់ថវិកា និងស្បៀងអាហារ ថ្នាំពេទ្យជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់ជីវភាព រស់នៅប្រចាំថ្ងៃ រហូតដល់ជីវិតចុងក្រោយ របស់លោកតាទទួលមរណភាព កាលពីវេលាម៉ោង ១និង៣០នាទីយប់ ឈានចូលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងជន្មាយុ៨៣ ឆ្នាំ ដោយជរាពាធ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងការរីករាយដោយបានជួយកសាងរូបសំណាក លោកតា ព្រឹទ្ធាចារ្យ ភិរម្យវោហារ ប្រាជ្ញ ឈួន ដែលត្រូវបានចាត់ទុកជាអធិរាជចាប៉ីដងវែងរបស់កម្ពុជា ហើយលោកតា គឺជាអច្ឆរិយបុគ្គលដែលងាយចងចាំយ៉ាងច្បាស់ ជាក់ស្តែង កាលពីសម័យក្រោយថ្ងៃរំដោះ ពីរបបខ្មែរក្រហម គឺមានការអានជា គោលនយោបាយ១ចប់ ហើយលោកតា ប្រាជ្ញ ឈួន អាចយកមកធ្វើការច្រៀងជាចាប៉ីបាន។ ដូច្នេះមិនមែនជាការងាយនោះទេ ដែលប្រទសជាតិមួយ មានវប្បធម៌ដោយឡែក ក្នុងនោះក្រៅតែពីមានប្រសាទអង្គរវត្ត គឺមាន សិល្បៈអាយ៉ៃ យីកេរ ចាដើម ដែលធ្វើរួមផ្តុំគ្នា បានទៅជាអរិយធម៌ខ្មែរ ដ៏រុងរឿងមួយ ហើយក្នុងនោះ ចាប៉ីដងវែង មិនមែនល្បីតែនៅក្នុងស្រុកខ្មែរនោះទេ ថែមទាំងនៅ ក្នុងពិភពផងដែរ។

ទាំងនេះសបញ្ជាក់ឲ្យឃើញថា ប្រជាជាតិមួយដែលបង្កើត សិល្បៈដោយខ្លួនឯងបាន ទាល់តែប្រជាជាតិនោះ មានការយល់ដឹងខ្ពស់ និងមានទំនុកចិត្តច្បាស់លើខ្លួនឯង បើមិនដូច្នេះទេគឺចាំតែចម្លងយកពីគេ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការដែលយករូបសំណាក លោកតាព្រឹទ្ធាចារ្យ ភិរម្យ វោហារ ប្រាជ្ញ ឈួន មកដាក់ក្នុងវត្ត ព្រោះទីអារាម គឺជាកន្លែងរក្សា និងតម្កល់ ទុកនូវប្រពៃណីព្រះពុទ្ធសាសនា ទំនៀមទម្លាប់ទាំងអស់ឲ្យស្ថិតស្ថេរ គង់វង្ស ជារៀងរហូត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានធ្វើការបកស្រាយពន្យល់ទៅនឹងបញ្ហា ដែលសហគមន៍អឺរ៉ុប យកពន្ធ អង្ករពីប្រទសកម្ពុជា និងប្រទសមីយ៉ាន់ម៉ា ដោយសារមានប្រទេស៣ នៅសហគមន៏អឺរ៉ុប ដែលមាន ២៨ ប្រទេសនោះ គឺគេក៏មានការដាំស្រូវ ផលិតជាអង្ករកើនឡើងច្រើន តែអង្ករនោះអត់ក្រអូបដូច អង្ករកម្ពុជានោះទេ។

ដូច្នេះគេត្រូវតែយកពន្ធឲ្យថ្លៃបន្តិច ដើម្បីអាចឲ្យអង្កររបស់បណ្តាប្រទេសជាសមាជិក សហគមន៍អឺរ៉ុបអាចលក់ដាច់បានដែរ គឺមិនមែនជារឿងនយោបាយ ដូចការឃោសនា នោះ ទេ គឺជារឿងដែលបណ្តាប្រទេសទាំងនោះជួយគ្នាគេ ឲ្យសេដ្ឋកិច្ចដើរទាំងអស់គ្នា ដូចប្រសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា មុននឹងឲ្យកូនគេបៅដោះ ទាល់តែឲ្យកូន ខ្លួនឯងបៅឲ្យឆ្អែតជាមុនសិន គឺខាងលើនេះដូចតែគ្នាទេ គេត្រូវតែជួយ គ្នាគេជាមុនសិនហើយ។
នៅក្នុងឱកាសនៃពិធីសម្ពោធរូបសំណាកលោកតា ប្រាជ្ញ ឈួន នោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីនៃក្រសួងព័ត៌មាន បានប្រគេនបច្ច័យទុកកសាងដល់ព្រះចៅអធិការវត្តសម៉វត្តី ចំនួន២លាន៦សែន៥ម៉ឺនរៀល និង៥៥០ដុល្លារ តាជី យាយជី ចំនួន ២០នាក់ ក្នុងម្នាក់ ថវិកា២ម៉ឺនរៀល និងថ្នាំដុះធ្មេញ១ប្រអប់ លោកគ្រូ អ្នកគ្រូ ២៦នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល និងថ្នាំដុះធ្មេញ១ប្រអប់ សិស្សានុសិស្សចំនួន៤០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៊ិក ខ្មៅដៃ ថ្នាំដុះធ្មេញ និងថវិកា៥ពាន់រៀល បងប្អូនប្រជាពលរដ្ឋ ចូលរួមចំនួន១៥០នាក់ ក៏ទទួលបាន ថ្នាំដុះធ្មេញ និងថ្នាំពេទ្យផងដែរ។ ចំពោះសាលាស្រុកទ្រាំង ទទួលបានថវិកា១លានរៀល មន្រ្តីឃុំខ្វាវ ៧០ម៉ឺនរៀល រួមជាមួយនេះ មន្រ្តីមកពីបណ្តាឃុំ ចំនួន១២ទៀត ក្នុងស្រុកទ្រាំង ទទួលបាន៥ម៉ឺនរៀល ក្នុង១ឃុំ។

សម្រាប់មន្រ្តីនគរបាល កងរាជអាវុធហត្ថ និងយោធាស្រុក ក្នុងអង្គភាព ៤០ម៉ឺនរៀល។ ឆ្លើយតបទៅនឹងសំណូមពររបស់លោកមេឃុំខ្វាវ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ជាសម្លៀកដល់ប្រជាការពារភូមិចំនួន១៩នាក់ រួមទាំង អាយកូម ចំនួន៣ គ្រឿងទុកធ្វើការទំនាក់ទំនងបំពេញការងារជាមួយគ្នា។
ជូនពីប្រវត្តិសង្ខេប លោកតា ប្រាជ្ញ ឈួន កើតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៤៣ នៅភូមិសម៉ ឃុំ ខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ លោកតាចាប់ងងឹតភ្នែកតាំងពីអាយុ៩ឆ្នាំ ដោយជំងឺកញ្ជ្រិល ។ លោកតា មានភរិយា២នាក់ ទី១)លោកយាយ កែវ ខឹម មានកូន១០នាក់ ស្លាប់អស់ ៥នាក់ ក្រោយពេល លោកយាយ ខឹម ស្លាប់ទៅ លោកតា បានយកភរិយាក្រោយ គឺលោកយាយ អ៊ុក ព្រីង។ លោកតា ប្រាជ្ញ ឈួន បានហាត់រៀនច្រៀងចាប៉ី តាំងពីនៅកុមារភាពជាមួយលោកតា ឌុក ហៅ ចង្កូម៨ ដែលត្រូវជាពូ ហើយការហាត់រៀន កុមារា ប្រាជ្ញ ឈួន មានប្រាជ្ញា វាងវៃ ដោយអាចច្រៀង ចោទឆ្លើយឆ្លង បានយ៉ាងស្ទាត់ជំនាញ។ ដោយសារទេព កោសល្យ សមត្ថភាព របស់លោកតា បានធ្វើឲ្យមានភាពល្បីល្បាញ រហូតបានប្រឡងជាប់ជាបន្តបន្ទាប់ ហើយក៏បានច្រៀងនៅវិទ្យុជាតិកម្ពុជា ក្នុងកំឡុង ឆ្នាំ១៩៦០។
បន្ទាប់ឆ្លងកាត់សម័យ ប៉ុលពត ហើយប្រទេសជាតិបានរំដោះ ពីពួកខ្មែរក្រហម នាអំឡុងឆ្នាំ១៩៧៩មក លោកតា បានចូលបម្រើការងារនៅវិទ្យុជាតិកម្ពុជា រហូតដល់ថ្ងៃចូលនិវត្តន៍។ ដោយសារចម្រៀងចាប៉ីដងវែង មានភាពវ័យចំណាស់ជាងគេ និងជាចម្រៀងឯក របស់ប្រទេសកម្ពុជា ហើយ ល្បីល្បាញ លើពិភពលោកថែមទៀតនោះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅអង្គការ យូនីសស្កូ ដើម្បីដាក់បញ្ចូលសិល្បៈចាប៉ីដងវែងចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយមើល ឃើញពីពីគុណបំណាច់របស់លោកតា ប្រាជ្ញ ឈួន ក្នុងបុព្វហេតុបម្រើជាតិ និងមាតុភូមិ រាជរដ្ឋាភិបាល និងព្រះមហាក្សត្រ បានផ្តល់គោរម្យការងារ ជូន លោកតា ប្រាជ្ញ ឈួន ជាព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន និងគ្រឿងឥស្សរិយយសជាបន្តបន្ទាប់៕ធ.ដ