រដ្ឋាភិបាលប៉ាឡេស្ទីនប្រកាសជាផ្លូវការ អំពីការដាក់ពាក្យសុំលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីទៅកាន់ប្រធានាធិបតី
ប៉ាឡេស្ទីន៖ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលប៉ាឡេស្ទីនបានប្រកាសជាផ្លូវការ អំពីការលាលែងរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Rami Hamdallah ទៅកាន់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នៅថ្ងៃអង្គារ៍នេះ ខណៈការសម្រេចចិត្តនេះ ត្រូវបានគេរំពឹងថានឹងបង្កភាពស្មុគស្មាញដល់ការផ្សះផ្សាជាមួយក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលប៉ាឡេស្ទីន លោក Hamdallah និងគណៈរដ្ឋមន្ត្រីរបស់លោកក៏បានស្វាគមន៍ផងដែរចំពោះការបង្កើតរដ្ឋាភិបាលថ្មី។ ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនរូបនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក Abbas បានស្នើឱ្យលោកចុះចេញពីតំណែង ប៉ុន្តែលោក និងគណៈរដ្ឋមន្ត្រីនឹងបន្តការងារដដែល រហូតដល់រដ្ឋាភិបាលថ្មីត្រូវបង្កើតឡើង។

គួរជម្រាបថា លោក Hamdallah បានកាន់ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីនកាលពីឆ្នាំ២០១៥ ហើយលោកក៏ជាអ្នក ជាដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាមួយក្រុមហាម៉ាស់ ដែលបានកាន់កាប់តំបន់ហ្កាហ្សាតាំងពីឆ្នាំ២០០៧មក៕ធ.ដ