កម្ពុជា-ចិន រួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍ ដើម្បីពង្រឹង មិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀត
កម្ពុជា-ចិន រួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍ ដើម្បីពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀត ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់លើវិស័យទេសចរណ៍ទាំងរដ្ឋ និងឯកជនជាច្រើនទៀត នៅសណ្ឋាគារសុខាភ្នំពេញនាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ។
ការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា កម្ពុជា-ចិន គឺជាលទ្ធផលនៃការឯកភាពគ្នារវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ ហើយទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុន្មានថ្ងៃមុននេះ នៅប្រទេសចិន បានទទួលលទ្ធផលដ៏ធំធេង ក្នុងការពង្រីកពង្រឹង មិត្តភាពយ៉ាងកក់ក្ដៅ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានផ្លែផ្កា រវាង ប្រទេសយើងទាំងពីរ»។ នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជា និងចិន បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានសកម្មភាព វប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះ។ ក្នុងរយៈពេល៦០ឆ្នាំនេះ ប្រទេសកម្ពុជា-ចិន បានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់រូបភាព ដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ៕




