រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បើកកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បើកកិច្ចប្រជុំទ្វេភាគីជាមួយនឹងឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន  ដើម្បីពង្រឹង​ទំនាក់​ទំនង ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងវិស័យវប្បធម៌នៃប្រទេសទំាងពីរ កម្ពុជា-ចិន ដើម្បីអបអរសាទរការបើកសម្ពោធឆ្នាំទេសចរណ៍វប្បធម៌ចិន-កម្ពុជា លើកដំបូង ដ៏មា​នសារៈសំខា​ន់ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួងទេសចរណ៍។ ឯកឧត្តម ថោង ខុន បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូចិននាពេលនេះ គឺបញ្ជាក់ច្បាស់អំពីការ​ចូលរួម​យ៉ាងសំខាន់​ក្នុង​ការពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាង​វិស័យ​ទេសចរណ៍ និងវិស័យវប្បធម៌​នៃប្រទេសទំាងពីរ កម្ពុជា-ចិន ឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ប្រទេសចិន និងកម្ពុជា មានប្រវត្តិទំនាក់ទំនងមិត្តភាព​ និងសហប្រតិបត្តិការ​ផ្នែក សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ តាមរយៈចម្លាក់លើជញ្ជាំង ប្រាសាទអង្គរវត្តបានបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនចិន និងកម្ពុជាតំាងពី១ពាន់ឆ្នាំមុន។ ប្រទេសទំាងពីរ ជាប្រទេសជិតខាងល្អ មិត្តល្អ ដៃគូរល្អ និងបងប្អូនល្អ។ កម្ពុជាពិតជាមាន សុទិដ្ឋិនិយម និងគាំទ្រយ៉ាងពេញទំហឹងនូវការដាក់ចេញនូវយុទ្ធសាស្រ្ត ខ្សែ​ក្រវ៉ាត់ និងវិថីរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលនឹងធ្វើឲ្យប្រទេសតាម បណ្តោយ ផ្លូវ​សូត្រ​រួមទាំងអាស៊ាន និងកម្ពុជា​ទទួលបាននូវ វិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យ។ ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រគ្រប់​បែប​យ៉ាងពីរដ្ឋភិបាល និងប្រជាជនចិន។ វិស័យទេសចរណ៍កម្ពុជា គឺជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែល​ជាមាសបៃតង ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា វិស័យអាទិភាពមួយយ៉ាងសំខាន់ចូលរួម ចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។ ដើម្បីធ្វើ​ការ​គ្រប់គ្រង និង អភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយ គុណភាព​ ប្រសិទ្ធិភាព និងនិរន្តរភាព ក្រសួង​ទេសចរណ៍ បានកសាងនូវឯកសារគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗដូចជា៖ ច្បាប់​ស្តីពី​ទេសចរណ៍ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ គោលនយោបាយ​ជាតិ​ទេសចរណ៍ ផែន ការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍កម្ពុជា និងយុទ្ធសាស្រ្តទីផ្សារចិន  សៀវភៅសស្តីពី China Ready គោលនយោបាយជាតិអេកូទេសចរណ៍ (ដែលរាជរដ្ឋាភិបាល​ទើបអនុម័ត​ថ្មីៗនេះ)។

ស្របជាមួយនឹងស្តង់ដាគុណភាពទេសចរណ៍ថ្នាក់តំបន់អាស៊ាន កម្ពុជាក៏បានរៀបចំបង្កើត និងដាក់ចេញនូវស្តង់ដាថ្នាក់ជាតិផងដែររួមមាន៖ ស្តង់ដាសណ្ឋាគារបៃតងកម្ពុជា ស្តង់ដាផ្ទះស្នាក់កម្ពុជា ស្តង់ដាបន្ទប់ប្រជុំកម្ពុជា ស្តង់ដាបង្គន់សាធារណៈកម្ពុជា ស្តង់ដាទេសចរណ៍សហគមន៍កម្ពុជា ស្តង់ដា ទីក្រុងស្អាតកម្ពុជា ស្តង់ដាភោជនីយដ្ឋានស្អាតកម្ពុជា ស្តង់ដាមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ស្តង់ដា មណ្ឌលកម្សាន្តមនុស្សពេញវ័យ។ ឯកឧត្តម បន្ថែមទៀតថា កន្លងមកស្តង់ដាគុណភាព​របស់កម្ពុជា​ក៏តែង​បានទទួលរង្វាន់ពីអាស៊ានផងដែរ ពិសេសក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន។ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការទេសចរណ៍កម្ពុជា-ចិន យើងបានចុះហត្ថលេខា លើអនុស្សារណៈ​យោគយល់គ្នា​មួយ​ចំនួន រួមមាន៖
– អនុស្សារណៈយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ​លើវិស័យ​ទេសចរណ៍​​ សំដៅផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន ជាមួយ ក្រុមហ៊ុន​​ទេសចរណ៍ចិន (CITS: China International Travel Services)​ ចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ នៅភ្នំពេញ។
– អនុស្សារណៈយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍រវាងក្រសួង ទេសចរណ៍កម្ពុជា និងលេខាធិការដ្ឋានសង្គមកិច្ច និងវប្បធម៌ម៉ាកាវ ចុះហត្ថលេខាកាល ពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner