ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក  ឃាត់ខ្លួនកាលពីវេលាម៉ោង០៥ ម៉៣០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅរង្វង់មូលគួចកាណុង ជ្រុងខាងកើត ផ្លូវព្រះមុនីវង្ស ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥និង៣០នាទីព្រឹក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាំ ញឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបំរុងថ្នល់ការ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GL-6448។ ចំណែកម្ចាស់ម៉ូតូមាន ឈ្មោះ លីន សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៤១ ផ្លូវលេខK៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុនៅពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូមកហាត់ប្រាណនៅរង្វង់មូលគួចកាណុង។ ពេលធ្វើដំណើរមកដល់បានចតម៉ូតូទុកនៅចិញ្ចើមផ្លូវរង្វង់មូលគួចកាណុងជ្រុងខាងកើត និងបានចាក់សោក។ រួចក៏ដើរហាត់ប្រាណជាធម្មតា ពេលជនរងគ្រោះដើរហាត់ប្រាណបណ្តើរមើលមកម៉ូតូរបស់ខ្លួនបណ្តើរ ស្រាប់តែឃើញជនសង្ស័យឡើងអង្គុយលើម៉ូតូ កំពុងធ្វើសកម្មភាពយកសោកាច់ករអូសចេញទៅមុខបានបន្តិច។

ភ្លាមនោះជនរងគ្រោះបានស្រែកផ្អើលឆោរឡោចោរៗ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកល្បាតក្នុងមូលដ្ឋានទៅដល់ក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងជាម៉ូតូ នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរតែម្តង។ ចំណែកសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះយកទៅរក្សាទុកជាបណ្តោះអាសន្នវិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner