ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន៖ ការតែងតាំង និងការផ្ទេរភារកិច្ចមន្ត្រីរាជការ គឺសមស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល
នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម គួច ចំរើន គណៈអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សា ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការនៃមន្ទីរចំណុះឱ្យរដ្ឋបាលខេត្តកំពង់ចាម ចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីលោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបពីស្ថានភាពទូទៅរបស់មន្រ្តីរាជការ ការងារបង្កបង្កើនផល ដំណាំ កសិឧស្សាហកម្ម ការងារផលិតកម្មសត្វ និងសុខភាពសត្វ ការងារព្រៃឈើ ជលផល នីតិកម្មកសិកម្ម សហគមន៍កសិកម្មរួចមក និងលោក ស៊ីម ថាវរៈ ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ធ្វើការប្តេជ្ញាចិត្តរួមមក។

ឯកឧត្តម គួច ចំរើន មានមតិស្វាគមន៍ចំពោះអង្គពិធី និងមានចំណាប់អារម្មណ៍មួយចំនួនទាក់ទងនឹងពិធីចូលកាន់តំណែងរបស់ប្រធានមន្ទីរកសិកម្ម និងសមិទ្ធផលសំខាន់ៗមួយចំនួនដែលប្រធានមន្ទីរចាស់សម្រេចបាន និងធ្វើការណែនាំបន្ថែមដល់ប្រធានមន្ទីរថ្មី នូវការងារ និងភារកិច្ចដែលត្រូវទទួលយកទៅអនុវត្តបន្តធ្វើយ៉ាងណាធ្វើការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តឱ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀងក្នុងខេត្ត និងកាត់បន្ថយការនាំចូល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ជូនអង្គពិធីជ្រាបថា ការតែងតាំង និងការផ្ទេរភារកិច្ចមន្ត្រីរាជការនាថ្ងៃនេះ គឺស្របតាមតម្រូវការចាំបាច់នៃការធ្វើកំណែទម្រង់ស្ថាប័ន ការរីកចម្រើនទាំងចំណេះដឹង និងបទពិសោធន៍របស់មន្ត្រីរាជការ ដែលតម្រូវឱ្យមានការប្តូរផ្លាស់សមស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលបច្ចុប្បន្ន និងផែនការទិសដៅអភិវឌ្ឍបន្តនៅពេលអនាគតដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលចង់ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំ និងផ្តល់អនាសាសន៍ល្អៗ ចំពោះប្រធានមន្ទីរថ្មី ដែលនឹងត្រូវចូលកាន់តំណែងចាប់ពីថ្ងៃនេះ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំការងារ និងការទទួលខុសត្រូវសម្រាប់ជាត្រីវីស័យយកទៅបំពេញតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូនឲ្យទទួលបានជោគជ័យបន្ថែមទៀតគឺ -ត្រូវយកចិត្តទុកដាក់ អំណត់អត់ធន់ ទន់ភ្លន់តែម៉ឹងម៉ាត់ និងរៀនសូត្រដកស្រង់បទពិសោធន៍ពីការងារដែលយើងធ្លាប់ជួបប្រទះ ដើម្បីឲ្យក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានគំរូល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ។

-ត្រូវពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ និងធានាការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
-ខិតខំធ្វើការផ្សព្វផ្សាយការងារបច្ចេកទេសទាក់ទងផលិតកម្មស្រូវ បន្លែ ដំណាំកសិឧស្សាហកម្ម ផលិតកម្មសត្វ និងសុខភាពសត្វ តាមរយៈធ្វើការផ្សព្វផ្សាយពូជ ចំណី ជំងឺ និងពង្រឹងការគ្រប់គ្រងលើការធ្វើអាជីវកម្មសម្ភារកសិកម្មឱ្យបានល្អ។

ដោយឡែក វិស័យព្រៃឈើ និងជលផល ត្រូវធ្វើការការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍ឱ្យមានការរីកចម្រើនដើម្បីកែលម្អជីវភាព លើកកម្ពស់ប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ កាត់បន្ថយការពឹងអាស្រ័យតែលើផល និងអនុផលព្រៃឈើហើយក៏ត្រូវអភិវឌ្ឃវិស័យវារីវប្បកម្មផងដែរ។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់អនុវត្តលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងក៏ដូចជារបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព៕ធ.ដ