រដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីក្រោមឱវាទ ចុះពិនិត្យសកម្មភាពប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករនៅភូមិកោះគ្រាប់បាយ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វេង សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមនឹងមន្ត្រីក្រោមឱវាទកាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បានចុះមកពិនិត្យសកម្មភាពប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករនៅភូមិកោះគ្រាប់បាយ  ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឱ្យដឹងថា នៅទូទាំងខេត្តកំពង់ធំ មានផ្ទៃដីដំដុះស្រូវប្រាំងចំនួនជាង៦ម៉ឺនហិកតា ហើយមកទល់ពេលបច្ចុប្បន្ននេះ ការប្រមូលផលបានជាង៤ពាន់ហិតាហើយ រីឯទិន្នផលទទួលបានជាមធ្យមប្រមាណជា៤-៤,៥តោនក្នុង១ហិតា។ សម្រាប់ស្រូវចំណីមានតម្លៃ៦៩០រៀល/kg  ដោយឡែកស្រូវក្រអូបកសិករដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE ទិញក្នុងតម្លៃ ១១៥០រៀល/Kg។

បើតាមការឲ្យដឹងពីប្រជាកសិករថា នៅតំបន់នេះ ជាទូទៅកសិករបានប្រើពូជ OM៥១ ៥៤ ហើយនិងពូជស្រូវក្រអូប ទន្ទឹមនឹងនេះ ពួកគាត់អាចធ្វើស្រែប្រាំងបាន២ដង/រដូវ  ដោយសារមានប្រព័ន្ធប្រឡាយដែលបានកសាងឡើង ដោយគម្រោងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលី និងប្រព័ន្ធប្រឡាយរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជន ដែលគេគិតក្នុង១ហត/១០៥ដុល្លារ គឺចាប់ពីពេលព្រោះ ដល់ពេលប្រមូលផល។ ទីផ្សារស្រូវចំណីភាគច្រើនគឺឈ្មួញបាននាំចេញទៅប្រទេសវៀតណាម និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយឡែកស្រូវក្រអូប ក្រុមហ៊ុនក្នុងស្រុកធ្វើកិច្ចសន្យាទទួលទិញ កែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យពួកគាត់រៀបចំចងក្រងជាសហគមន៍ផលិតទាំងស្រូវចំណី និងស្រូវពូជ រួចសហការផលិតជាមួយដៃគូឯកជន តាមរយ:ការអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដើម្បីធានាតម្លៃ បរិមាណផ្គត់ផ្គង់ ផលិតពូជសុទ្ធល្អ អង្ករមានគុណភាព និងគួរប្រើប្រាស់ពូជ ណាដែលទីផ្សារត្រូវការ។

ឯកឧត្តមបានបញ្ជាឲ្យអគ្គនាយកដ្ឋានកសិកម្ម ជាពិសេស នាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរចុះមកសិក្សាពីតម្រូវការពូជ លក្ខខណ្ឌក្សេត្របរិស្ថាននៃដំណាំស្រូវនៅតំបន់នេះ តើមានអំណោយផលសម្រាប់ពូជអ្វី ដែលផ្តល់ទិន្នផលខ្ពស់ គុណភាពអង្ករល្អ ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ ហើយនឹងឆ្លើយតបទៅនឹងតម្រូវការទីផ្សារខ្ពស់។

ចំពោះសត្វចង្រៃ និងជំងឺ នាយកដ្ឋានការពារដំណាំ ត្រូវសហការជាមួយមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងម្ចាស់ស្រែ ចុះមកសិក្សាស្រាវជ្រាវ ដើម្បីដាក់ចេញវិធានការកំចាត់ និងការពារដំណាំស្រូវឲ្យបានទាន់ពេលវេលា រួមទាំងតាមដានត្រួតពិនិត្យមើលគុណភាព និងប្រសិទ្ធភាពនៃថ្នាំ និងជី ដែលកសិករបាន និងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។

ដោយឡែកទាក់ទងទៅនឹងតម្លៃស្រូវដែលធ្លាក់ចុះប៉ុន្មានថ្ងៃនេះ ឯកឧត្តមបានស្នើឲ្យមន្ទីរធ្វើការពិគ្រោះជាមួយនឹងឯកឧត្តមអភិបាលខេត្ត អាចកោះប្រជុំជាមួយអ្នកប្រមូលទិញស្រូវក្នុងខេត្ត ដែលនាំទៅកាន់ប្រទេសវៀតណាម ដើម្បីពិនិត្យមើលពីមូលហេតុពិតប្រាកដ ព្រោះមិនមានជាប់ពាក់ព័ន្ធជាមួយនឹងការនាំអង្ករកម្ពុជាទៅកាន់សភាពអឺរ៉ុបនោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner