សត្វប្រចៀវដែលរស់នៅក្នុងល្អាងភ្នំឈ្ងោកបច្ចុប្បន្ន បានបាត់បង់ប្រមាណជាង៨០%
ខេត្តស្ទឹងត្រែង៖ មន្ត្រីសហគមន៍ការពារធនធានធម្មជាតិ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានស្វែងរកផ្នែកច្បាប់ដើម្បីការពារសត្វប្រចៀវ ព្រោះមានជនខិលខូចចាប់យកទៅធ្វើចំណីអាហារបង្កឱ្យបរិមាណប្រចៀវស្ទើរបាត់បង់ទាំងស្រុងក្នុងរយៈពេលតែ៤ខែកន្លងមកនេះ។

លោក កែវ សុភាព អនុប្រធានសហគមន៍ការពារធនធានធម្មជាតិឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា សត្វប្រចៀវនៅតំបន់ភ្នំឈ្ងោកមានបរិមាណរាប់រយពាន់លានក្បាល តែក្នុងប៉ុន្មានខែចុងក្រោយនេះជនខិលខូចមួយចំនួនប្រើប្រាស់ឧបករណ៍កែច្នៃ ផ្សេងៗដូចជាមង បន្លាយួន និងដុតផ្សែងបំពុល យកប្រចៀវទៅធ្វើចំណីអាហារ ហើយខ្លះទៀតយកទៅលក់ដូរក៏មានដែរ។

ការបាត់បង់សត្វប្រចៀវ វាជាការបាត់បង់សម្បត្តិធម្មជាតិរួមទាំងអស់គ្នា ព្រោះអ្នកស្រុកទទួលបានផល (ជាលាមក) យកធ្វើជី ដាក់ដាំបនែ្ល ហើយមានភ្ញៀវទេសចរទៅទស្សនាជារៀងរាល់ថ្ងែ តែបុគ្គលមួយចំនួនបានទៅចាប់សម្លាប់ផ្តាច់ពូជបង្កឱ្យខាតបង់ផលប្រយោជន៍រួម។

លោកឈន ឆន អនុប្រធានការិយាល័យផ្នែកអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានបានអះអាងថាក្រុមការងារបានសហការជាមួយមន្ត្រីសហគមន៍ដកហូតបានសម្ភារមួយចំនួនយកទៅដុតបំផ្លាញចោលរួចមកហើយ។ មន្ត្រីបរិស្ថាន និងសហគមន៍នឹងរៀបចំបន្តយន្តការបង្ក្រាបបន្ថែមទៀតដើម្បីរក្សារបរិមាណសត្វប្រចៀវដែលនៅសេសសល់នេះឱ្យវាបន្តពូជកកើតឡើងវិញ។ «អញ្ចឹងខ្ញុំនឹងរាយការណ៍ជូនប្រធានមន្ទីរបរិស្ថានដើម្បីគាត់រកវិធានការសហការជាមួយស្ថាប័នជំនាញក៏ដូចជាអាជ្ញាធរដើម្បីទប់ស្កាត់ បង្ក្រាបឱ្យគាត់បញ្ឈប់សកម្មភាពបន្តទៀតក្នុងការសម្លាប់ក៏ដូចជាយកសត្វទៅធ្វើជាចំណីអាហាររបស់ខ្លួន »។

សត្វប្រចៀវដែលរស់នៅក្នុងល្អាងភ្នំឈ្ងោកបច្ចុប្បន្នបានបាត់បង់ប្រមាណជាង៨០%។ ចំណែកសហគមន៍មិនមានលទ្ធភាពក្នុងការអភិរក្សទេ បើគ្មានសមត្ថកិច្ចក្នុងមូលដ្ឋានចូលរួមសហការ ហើយករណីនេះ អាចធ្វើឱ្យបាត់បង់បរិមាណទាំងស្រុងនៅដើមឆ្នាំ២០១៩នេះ៕ធ.ដ