បេសកជនពិសេសរបស់រុស្ស៊ីធ្វើដំណើរទៅកាន់ប៉ាគីស្ថាន ដោយផ្តោតសំខាន់លើការស្វែងរកសន្តិភាពនៅអាហ្វហ្កានីស្ថាន
រុស្ស៊ី៖ អ្នកការទូតកំពូលរុស្ស៊ីមួយរូបបានធ្វើដំណើរទៅប្រទេសប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីកិច្ចខំប្រឹងប្រែង ក្នុងការជំរុញឲ្យមានការចរចាសន្តិភាពដោយផ្ទាល់រវាងភាគីពាក់ព័ន្ធនានាក្នុងវិបត្តិនៅអាហ្វហ្កានីស្ថានដែលជាប្រទេសជិតខាង។ បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី ទទួលបន្ទុកកិច្ចការអាហ្វហ្កានីស្ថាន លោក Zamir Kabulov កំពុងធ្វើទស្សនកិច្ចនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីកិច្ចចរចារវាងតំណាងពិសេសរបស់អាម៉េរិក លោក Zalmay Khalilzad និងក្រុមតាលីបង់ នៅប្រទេសកាតា សម្រាប់ការផ្សះផ្សាសង្គ្រាមនៅអាហ្វហ្កានីស្ថាន។ បើតាមមន្ត្រីសុំមិនបញ្ជាក់អត្តសញ្ញាណម្នាក់ បាននិយាយថា បេសកជនរុស្ស៊ី នឹងចាប់ផ្តើមកិច្ចប្រជុំជាផ្លូវការជាមួយក្រសួងការបរទេសប៉ាគីស្ថាន ចាប់ពីថ្ងៃអង្គារ៍នេះទៅ។
សូមបញ្ជាក់ថា រុស្ស៊ីបាននឹងកំពុងបង្កើតកិច្ចខំប្រឹងប្រែងរបស់ខ្លួន ដើម្បីព្យាយាមនាំយកក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានមកតុចរចា ដោយបារម្ភថា អស្ថិរភាពដែលបន្តកើតឡើងនៅប្រទេសអាហ្វហ្កានីស្ថាន នឹងគំរាមកំហែងដល់សម្ព័ន្ធមិត្តនៅតំបន់អាស៊ីកណ្តាល ដែលចែកព្រំដែនជាមួយនឹងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ៕ម.ន



