អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល៖ កុមារ គឺជាទំពាំងស្នងឫស្សី ដូច្នេះសុខភាពកុមារពិតជាសំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិយើង
នៅមន្ទីរពេទ្យកុមារជាតិនាព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ មានរៀបចំពិព័រពណ៍សុខភាពកុមារលើកទី១ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីសុខភាពកុមារយើង» ក្រោមអធិបតីភាព លោកជំទាវ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

លោកជំទាវបានលើកឡើងថា ការបង្កើតឲ្យមានពិព័រណ៍សុខភាពកុមារនេះឡើង ដោយបង្ហាញពីគោលបំណងច្បាស់លាស់ក្នុងការលើកកម្ពស់សុខភាពកុមារ ដើម្បីធ្វើឲ្យមានគុណភាពនៃជីវិតរបស់ពួកគេតាមរយៈការបង្កើតការស្វែងយល់របស់ឪពុកម្តាយ ស្តីអំពីបញ្ហាសុខភាពកុមារ និងបើកឱកាសឲ្យមានការចូលរួមរបស់អាណាព្យាបាលកុមារ ក្នុងការជួបពិភាក្សាយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកជំនាញនីមួយៗដែលទាក់ទងនឹងសុខភាពកុមារ។

លោកជំទាវបន្តថា សកម្មភាពនានារបស់មន្ទីរពេទ្យកុមារជាតិ គឺឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់មន្ទីរពេទ្យ ក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសគឺក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយអត្រាមានជំងឺ អត្រាមរណភាព និងពិការភាពរបស់កុមារយើង។

យើង គ្រប់គ្នាសុទ្ធតែបានជ្រាបថា កុមារគឺជាទំពាំងស្នងឫស្សី ដូច្នេះសុខភាពកុមារពិតជាសំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិយើង ក៏ដូចសហគមន៍យើង និងគ្រួសារយើងផ្ទាល់ផងដែរ។ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ តាមរយៈយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងការគាំទ្រពីរាជរដ្ឋាភិបាលប្រទេសកម្ពុជា យើងបានទទួលជោគជ័យក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងកុមារគួរឲ្យកត់សម្គាល់។

តែទោះជាយ៉ាងណាក៏ដោយអត្រាមរណភាពកុមារ និងការវិវត្តនៃជំងឺរបស់កុមារ នៅតែជាក្តីកង្វល់ដែលគួរយកចិត្តទុកដាក់ខ្ពស់ ប្រសិនបើកុមារមានបញ្ហាសុខភាព វានឹងប៉ះពាល់ដល់ការលូតលាស់ និងបញ្ញាស្មារតីរបស់កុមារផងដែរ។ វិបត្តិទាំងអស់នេះ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារកុមារផ្ទាល់នោះទេ វានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក៏ដូចជាការអភិវឌ្ឍជាតិយើង។

លោកជំទាវបានក្រើនរំលឹកដល់បុគ្គលិកសុខាភិបាលទាំងអស់ ខិតខំពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមទៀត តាមជំនាញរបស់ខ្លួន ដោយប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់នូវសេវាសុខាភិបាលដែលប្រកបដោយគុណភាព និងសមភាព ជូនដល់ប្រជាពលរដ្ឋយើង ទាំងតាមតម្រូវការរបស់ពួកគេ ដោយមិនមានការរើសអើងឡើយ៕


