ជំនួបរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសកលវិទ្យាល័យ Kansas State University សហរដ្ឋអាម៉េរិក បានលើកគោលបំណងសំខាន់ចំនួន២ក្នុងវិស័យកសិកម្ម មកពិភាក្សា
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បានទទួលជួបសាស្រ្តាចារ្យ Vara Prasad ដែលអញ្ជើញមកពីសកលវិទ្យាល័យ Kansas State University សហរដ្ឋអាម៉េរិក។ ក្នុងជំនួបពិភាក្សានេះ គឺមានគោលបំណងសំខាន់ ទី១)កិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងកម្មវិធីមន្ទីរពិសោធន៍នវានុវត្តប្រពលវប្បកម្មនិរន្តរភាពនៃសាកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាម៉េរិក ដែលបាននិងកំពុងសហការអនុវត្ត ដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍសហរដ្ឋអាម៉េរិក USAID និងទី២)ការស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីបន្តផ្តល់ការគាំទ្រលើគម្រោងនានាដែលកំពុងអនុវត្តជាមួយសកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)។

សាស្រ្តាចារ្យVara Prasad បានជម្រាបជូនឯកឧត្តមរដ្ឋពីគម្រោងរបស់សកលវិទ្យាល័យ គឺមានគោលបំណងផលិតស្បៀងឱ្យបានគ្រប់គ្រាន់ដើម្បីធានាសន្តិសុខស្បៀង កាត់បន្ថយភាពអត់ឃ្លានដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ។ មួយវិញទៀត គម្រោងនេះបានជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ដើម្បីបង្កើនសក្តានុពល និងសមត្ថភាពរបស់ពួកគេ ក្នុងការស្រាវជ្រាវ និងនវានុវត្តនូវគំហើញថ្មី រួចធ្វើការផ្ទេរឱ្យទៅប្រជាកសិករ ឬអ្នកផលិតធ្វើយ៉ាងណាបង្កើនទិន្នផលកសិកម្ម ធានាគុណភាព និងសុវត្ថិភាព។ គម្រោងនេះពិតជាបានចូលរួមចំណែក និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈអង្គការ USAID ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយជាពិសេសបានជួយឧបត្ថម្ភដល់សកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA) ក្នុងការអនុវត្តគម្រោងនានា ទាក់ទងនឹងវិស័យកសិកម្ម ដែលបច្ចុប្បន្នគម្រោងទាំងនោះកំពុងមានវិឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍។

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នក្រសួងកំពុងជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន (សហគ្រាសខ្នាតតូច និងមធ្យម) ក្នុងការកែច្នៃកសិផល ក្នុងគោលបំណងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវត្ថុធាតុដើមក្នុងស្រុក លើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក កាត់បន្ថយថ្លៃដើម និងកាត់បន្ថយការនាំចូល។ ឯកឧត្តបានស្នើសុំឱ្យសកលវិទ្យាល័យពិនិត្យពិចារណាជួយធ្វើការបណ្តុះបណ្តាលដល់និស្សិតជំនាន់ក្រោយ នូវបច្ចេបវិទ្យាទំនើបៗថ្មីៗចុងក្រោយ ដើម្បីបង្កើនសមត្ថភាពដល់ពួកគេចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយសកលវិទ្យាល័យរដ្ឋកាន់សាស សហរដ្ឋអាម៉េរិក បានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ ដែលក្នុងនោះ សកលវិទ្យាល័យភូមិន្ទកសិកម្ម ទទួលបានទឹកប្រាក់សរុបប្រមាណជា៤លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការងារស្រាវជ្រាវ ការកសាងសមត្ថិភាពមន្រ្តី និងនិស្សិត ការលើកកម្ពស់គុណភាពសម្ភារនៅតាមមន្ទីរពិសោធន៍ និងការសកម្មភាពនៃការអនុវត្តគម្រោងផ្សេងៗទៀត៕

