មន្ត្រីស្នើសុំពលរដ្ឋស្រុះស្រួលគ្នាចុះបញ្ជីដីធ្លី ហើយបើកផ្លូវប្រឡាយឲ្យធំទូលាយ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ មន្ត្រីស្នើសុំពលរដ្ឋស្រុះស្រួលគ្នាចុះបញ្ជីដីធ្លី ហើយបើកផ្លូវប្រឡាយឲ្យធំទូលាយដើម្បីងាយស្រួលដល់ការបម្រើប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាប្រយោជន៍សាធារណ:។ លោករ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ តាងនាមប្រធានមន្ទីរ ព្រមទាំងលោកអភិបាលខេត្តនិយាយដូច្នេះ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ម្សិលមិញ ក្នុងពេលប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅភូមិបង្រុះ សង្កាត់ភ្នៀតក្រុងសិរីសោភ័ណ។

លោកនិយាយបន្តថា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធក្នុងខេត្តនេះមាន៤ក្រុម ហើយត្រូវក្រសួងកែសម្រួលឲ្យប្រធានការិយាល័យភូមិបាលធ្វើជាប្រធានវាល បាននិងកំពុងចុះបញ្ជីនៅ៤ស្រុកក្រុងទាំងភូមិសាស្ត្រតំបន់ទីប្រជុំជន និងជនបទ។ កន្លងមក ក្នុងខេត្តបន្ទាយមានជ័យ ការចុះបញ្ជីដីធ្លីបានដំណើរការ និងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន១២១.៥៩៥ប័ណ្ណ លើដំណាក់កាលធំៗ៤ និងក្រោមការឧបត្ថម្ភគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៍ម្ចាស់ជំនួយមាន ប្រទេសកាណាដា អៀកឡង់ សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។

លោករ៉ូ បូរ៉ា បានរំលឹកពីផលប្រយោជន៍នៃការចុះបញ្ជីដីធ្លីមានប្លង់ថា ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងប្រពលភាពតម្លៃដីធ្លី ហើយលោកអំពាវនាវឲ្យម្ចាស់ក្បាលដី និងពលរដ្ឋនៅតំបន់ទំនាបកសិកម្មនៃដងស្ទឹងសិរិសោភ័ណនេះ ចូលរួមដំណើរការនេះឲ្យពេញលេញ។ លោកក៏សូមឲ្យបងប្អូនត្រៀមដោះស្រាយសម្រួលទាក់ទងទំនាស់ព្រំដី ការសម្រួលដីឲ្យផ្លូវ ប្រឡាយទឹក និងដីប្រយោជន៍សាធារណ:ដទៃទៀតបានធំទូលាយ។

លោកក៏អំពាវនាវឲ្យស្ថាប័ន អ្នកពាក់ព័ន្ធ មានភ្នាក់ងារឥណទានហិរញ្ញវត្ថុ ម្ចាស់ក្បាលដី អាជ្ញាធរដែនដី ជំនាញនានា សហការគ្នា។ ជាពិសេសប្រជាពលរដ្ឋត្រូវត្រៀមឯកសារគតិយុត្តិ ដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត លិខិតអាពាហ៍ពិពាហ៍ លិខិត ឬបង្កាន់ដៃបញ្ជាក់ដីធ្លី ដើម្បីចូលរួមដំណើរនេះផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner