នគរបាលខណ្ឌសែនសុខបង្ក្រាបបានជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់នៅចំណុច២ទីតាំងផ្សេងគ្នា ដែលពួកគេពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នេះបើយោងតាមរបាយការណ៍របស់លោក ហ៊ូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ។

តាមរបាយការណ៍បានឲ្យដឹងថា ករណីទី១ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទី កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចតាមផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ អេង ម៉េងតាយ ភេទប្រុស អាយុ១៨។ ចំណែកករណីទី២ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង៣០នាទី កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចតាមផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លឹម បូរ៉ាន់ ភេទប្រុស អាយុ៣៦។ សម្ភារដកហូត៖ ម៉ូតូ០១គ្រឿង និងទូរសព្ទដៃ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង២ កម្លាំងជំនាញបានបញ្ចូនបន្តមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕