សិង្ហបុរី និងព្រុយណេ ប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សិង្ហបុរី និងព្រុយណេ ប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍។

ក្រោយការដកខ្លួនរបស់ជម្រើសសិង្ហបុរី អាយុក្រោម២២ឆ្នាំ ដែលស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិកម្ពុជាយើង ពេលនេះក្រុមជម្រើសជាតិព្រុយណេ អាយុក្រោម២២ឆ្នាំ ដែលស្ថិតនៅពូល A ក៏បានសម្រេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍នេះផងដែរ ដែលនឹងត្រូវរៀបចំប្រកួតនាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នាពេលខាងមុខនេះ។

ដូច្នេះសរុបជារួមមកនៅក្នុងពូល A គឺនៅសល់តែក្រុមជម្រើសជាតិចំនួន៥ប៉ុណ្ណោះ រួមមាន វៀតណាម ថៃ ទីម័រ ឡាវ និងហ្វីលីពីន ខណៈឯក្នុងពូល B វិញនៅសល់តែ៤ក្រុម រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជាយើង។

សូមបញ្ជាក់ថា ការប្រកួតនឹងចាប់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមយុវជន ថៃ ប៉ះ ទីម័រ , ក្រុមយុវជន ហ្វីលីពីន ប៉ះ ឡាវ រីឯថ្ងៃទី១៨ ក្រុមម្ចាស់ផ្ទះកម្ពុជា ប៉ះ ម៉ាឡេស៊ី , មីយ៉ាន់ម៉ា ប៉ះ ឥណ្ឌូនេស៊ី៕

