តុលាការសម្រេចនឹងបន្តសវនាការសំណុំរឿងឃាតកម្មសម្លាប់ស្រីស្នេហ៍របស់អតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ទៅពេលក្រោយ ដោយពុំទាន់អាចកំណត់ពេលបាន

អត្ថបទដោយ៖
Kien Sereyvuth

តុលាការសម្រេច នឹងបន្តសវនាការសំណុំរឿងឃាតកម្មសម្លាប់ស្រីស្នេហ៍របស់អតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ទៅពេលក្រោយ ដោយពុំទាន់អាចកំណត់ពេលបាន បន្ទាប់ពីចំណាយពេលសាកសួរដេញដោលអស់មួយព្រឹក ដោយតុលាការក្រុងភ្នំពេញ បានត្រឹមតែស្តាប់ចម្លើយរបស់ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវតែម្នាក់គត់ និងដោយសារតែវេលាកំណត់មកដល់។

សវនាការកាត់ទោសជនជាប់ចោទចំនួន៤នាក់ ដែលពាក់ព័ន្ធអំពើឃាតកម្មលើជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ដែលគេដឹងថា ជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ត្រូវដឹកនាំដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងមានលោកព្រះរាជអាជ្ញារង ប្លង់ សុផល ជាតំណាងអយ្យការ។

នៅក្នុងសវានាការនេះ លោក ឡាយ វណ្ណៈ បានសារភាពថា ចំណងស្នេហារវាងលោក និងជនរងគ្រោះ បានកើតឡើង នៅអំឡុងខែមិថុនា ឆ្នាំ២០១៦ តាមរយៈលោកមេគយខេត្តតាកែវ ឈ្មោះ កែវ វណ្ណី។ លោកបានសារភាពថា ខ្លួនបានស្គាល់គ្នាបានជិត១ខែ ខ្លួនបានរួមស្នេហាជាមួយនាង ចេវ សុវឌ្ឍនា ដែលជាស្រីមេម៉ាយកូន៣ សម្រេចដូចបំណង និងបានរួមរស់ជាមួយគ្នា ក្នុងនាមគូស្នេហ៍ស៊ីជម្រៅ ប្រកបដោយភាពផ្អែមល្ហែម និងលួចលាក់ រយៈពេលជាង១ឆ្នាំ រហូតដល់ថ្ងៃនាងស្លាប់។ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មុននាងស្លាប់១ថ្ងៃ ខ្លួនបានប៉ះសម្តីគ្នា ជាមួយជនរងគ្រោះ ព្រោះរឿងប្រចណ្ឌ ថាខ្លួនមានស្រីក្រៅ។

តាមការឆ្លើយបកស្រាយនៅក្នុងសវនាការ បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុ ឡាយ វណ្ណៈ បានទៅជួបជនរងគ្រោះ នៅផ្ទះដែលខ្លួនជួលឲ្យស្នាក់នៅ ហើយពេលនោះ លោក និងជនរងគ្រោះ បានឈ្លោះគ្នា ព្រោះតែនាងប្រចណ្ឌរឿងមានស្រីផ្សេងទៀត និងសុំឲ្យ ឡាយ វណ្ណៈ យកនាងធ្វើប្រពន្ធទី២ ដោយបើកចំហថែមទៀតផង។

ដោយសារតែនិយាគ្នាមិនត្រូវ ទើបជនជាប់ចោទជិះឡានចេញពីផ្ទះនោះ ទៅពិនិត្យការងារសួននៅក្បែរវិមានឯករាជ្យ ក្នុងខេត្តតាកែវ ដែលពេលនោះនាង ចាន់រី អ្នកបម្រើជនរងគ្រោះ បានទូរសព្ទប្រាប់ខ្លួនថា ជនរងគ្រោះយកកាំបិត អារដៃ សុំឲ្យខ្លួនទៅមើលវិញ។ ដោយសារខឹងជនរងគ្រោះពេក លោកបាននិយាយតបតាមទូរសព្ទទៅនាង ចាន់រី ថា «បើវាចង់ងាប់ ឲ្យវាងាប់ទៅ ជារឿងរបស់វា។ អញមានការងារអញត្រូវធ្វើ»។

លុះព្រលប់បន្តិចនាង ចាន់រី បានហៅទូរសព្ទមកម្តងទៀតថា ជនរងគ្រោះ បានចងកសម្លាប់ខ្លួនហើយ ទើបខ្លួនប្រើតៃកុងឡានឈ្មោះ ម៉េន សាម៉ៃ ឲ្យទៅមើល និងហៅទូរសព្ទប្រាប់មកវិញថា នាងពិតជាចងកស្លាប់មែន។ លោកបានបញ្ជាក់ទៀតថា ខ្លួនបានផ្តល់ដំណឹងនេះ ហើយក៏ហៅទូរសព្ទទៅ ឡាយ ណារិទ្ធ ជាបងប្រុស និងជាស្នងការរង ឲ្យទៅជួយមើលកន្លែងកើតហេតុ។

ដោយចង់លាក់បាំងពីទំនាក់ទំនងស្នេហាសាហាយស្មន់នោះ លោកបានឲ្យឈ្មោះ ម៉េន សាម៉ៃ ទៅយកទូរសព្ទ២គ្រឿង ដែលជនរងគ្រោះបន្សល់ទុកក្បែរកន្លែងកើតហេតុ ព្រោះមិនចង់ឲ្យរូបភាពក្នុងទូស័ព្ទត្រូវបែកធ្លាយ។ ដើម្បីបដិសេធថា ខ្លួនមិនបានសម្លាប់ជនរងគ្រោះ ឡាយ វណ្ណៈ បានស្បថចំពោះមុខមនុស្សនៅក្នុងសវនាការថា «បើខ្ញុំបានសម្លាប់សង្សារមែន សូមវត្ថុស័ក្តិសិទ្ធ បរាមុខខ្ញុំ។ ឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង។ ធ្លាក់នរក៩ជាន់ អត់ចាប់ជាតិ»។

សូមបញ្ជាក់ថា តុលាការបានបិទការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ អតីតស្នងការរងខេត្តតាកែវ និងត្រវជាបងប្រុសបង្កើតរបស់ ឡាយ វណ្ណៈ ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

អ្វីគួរឲ្យកត់សម្គាល់ផងដែរ ដោយតែជាប់គុកហើយ នៅតែសម្បូរលុយចាយមិនអស់ នៅពេលអង្គុយរង់ចាំខាងក្រៅបន្ទប់សវនាការ ឡាយ ណារិទ្ធ បានចែកលុយដល់មន្ត្រីនគរបាល និងអ្នកផ្សេងទៀតយ៉ាងខ្វែងដៃ នៅក្នុងបរិវេណអគារសាលដំបូងរាជធានីភ្នំពេញ ដែលទង្វើបែបនេះ ត្រូវរងការរិះគន់ពីអ្នកដទៃ។

ចំណែកលោក ឡាយ វណ្ណៈ វិញ មិនបានចែកលុយដូចបងប្រុសខ្លួនទេ ប៉ុន្តែមន្ត្រីពន្ធនាគារ PJ ហាក់ដូចជាយកចិត្តជនជាប់ចោទរូបនេះខ្លាំងណាស់ ដែលជួនកាលមើលទៅហាក់ដូចជាអ្នកបម្រើផ្ទាល់ខ្លួន ដែលតាមច្បាប់សម្រាប់ជនជាប់ចោទបទឧក្រិដ្ឋ គឺតម្រូវឲ្យដាក់ខ្នោះដៃ ប៉ុន្តែករណី ឡាយ វណ្ណៈ មិនត្រូវបានដាក់ខ្នោះទេ រីឯជនជាប់ចោទពីរនាក់ទៀត ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅ ថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ ភ្លាមៗ ករណីនេះត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ហើយសំណុំសម្លាប់ស្ត្រីមេមាយនេះ ត្រូវបានបិទបាំងជាបន្តបន្ទាប់។ ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿងឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុក និងបានឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ទាំង៤នាក់ខាងលើតែម្តង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner