គណៈប្រតិភូតំណាងសហព័ន្ធ និងសមាគមនិយោជកមកពីបណ្តាប្រទេស១៧ ក្នុងតំបន់ជួបជុំគ្នានៅកម្ពុជា ចែករំលែកបទពិសោធន៍ស្ដីពីការវិនិយោគ និងបច្ចេកវិទ្យាថ្មីៗ

អត្ថបទដោយ៖
Kien Sereyvuth

គណៈប្រតិភូតំណាងសហព័ន្ធ និងសមាគមនិយោជកមកពីបណ្តាប្រទេស១៧ ក្នុងតំបន់ជួបជុំគ្នាក្នុងប្រទេសកម្ពុជា ចែករំលែកបទពិសោធន៍ស្ដីពីការវិនិយោគ និងបច្ចេកវិទ្យាថ្មីៗ។ ពិធីជួបជុំនោះ ធ្វើឡើងនៅថ្ងៃ២២មករាម្សិលមិញ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង និងគណៈប្រតិភូតំណាងសហព័ន្ធ និងសមាគមនិយោជក មកពីបណ្តាប្រទេសក្នុងតំបន់ចំនួន១៧ រួមមាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ឡាវ ម៉ាឡេស៊ី ម៉ិកស៊ិក ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ បង់ក្លាដេស ប៉ាគីស្ថាន ស្រីលង្កា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

ជំនួបនោះ ធ្វើឡើងក្រោមកិច្ចសហការរៀបចំពីសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងសមាគមសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយនិរន្តរភាព (AOTS) ក្នុងគោលបំណងសិក្សារួមគ្នាស្តីពីសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាថ្មី ក្នុងការផ្លាស់ប្តូរបរិយាកាសប្រកួតប្រជែងរបស់ទីផ្សារ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីសិក្សាស្វែងយល់ ប្រៀបធៀប និងធ្វើការចែករំលែកស្ថានភាពការងាររបស់ប្រទេសនីមួយៗ ដើម្បីឱ្យអ្នកចូលរួមអាចមា នចំណេះដឹងអំពីទំនាក់ទំនងវិជ្ជាជីវៈ ការគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងការងារត្រីភាគី។

លោករដ្ឋមន្ត្រីបានហៅ  វេទិកានោះថា  ពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតនូវឱកាសដល់ការទាក់ទាញអ្នកវិនិយោគអន្តរជាតិ ព្រមទាំងរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងសមាគមនិយោជក នៅក្នុងតំបន់ សហព័ន្ធនិយោជក និងសមាគមពាណិជកម្មកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធី បណ្តាញទំនាក់ទំនងជាលក្ខណៈអន្តរជាតិមួយនេះឡើង។ វេទិកានេះទៀតសោត ក៏នឹងផ្តល់ឱកាសឲ្យម្ចាស់អាជីវកម្មកម្ពុជា អាចកសាងបណ្តាញទំនាក់ទំនង និងស្វែងរកដៃគូសហការវិនិយោគ នាពេលអនាគតពី បណ្តាប្រទេសចូលរួមទាំងនេះផងដែរ។

បច្ចុប្បន្នកម្ពុជា កំពុងបន្តអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅពេលខាងមុខប្រកបដោយសុទិដ្ឋិនិយម ដោយផ្អែកលើកត្តាមួយចំនួនរួមមាន៖

ទី១)កត្តាខាងក្នុង សន្តិភាព និងស្ថេរភាព ជាគន្លឹះ សម្រាប់ការវិនិយោគ និងជំរុញដោយកត្តាផលិតកម្ម។

ទី២) ការបន្តធ្វើឱ្យប្រសើឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនង វិជ្ជាជីវៈ ជាក៏កត្តាទាក់ទាញវិនិយោគទុនបរទេស និងការឈោងចាប់យក ចំណែកទីផ្សារសកលលោក ដែលនិយមប្រើប្រាស់ផលិតផល ចេញពីប្រភព ពីប្រទេសដែលគ្មានការរំលោភបំពានសិទ្ធកម្មករ តាមបទដ្ឋានអន្តរជាតិ។

ទី៣)កត្តាខាងក្រៅ ស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលបន្តមានភាពមិនប្រាកដប្រជា កាន់តែមានភាពស្មុគស្មាញ និងប្រែប្រួលឆាប់រហ័សដោយសារការកើតឡើងនូវសង្គ្រាមពាណិជ្ជកម្ម ការដំឡើងអត្រាការប្រាក់ការកើនឡើងថ្លៃប្រេង និងកំណើនយឺត នៅក្នុងប្រទេសអភិវឌ្ឍជាដើម។

ការកើតមានឡើង នូវបដិវត្តន៍ឧស្សាហកម្មទី៤ ដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើរបៀបរបបនៃប្រតិបត្តិការអាជីវកម្ម និងការងារគ្រប់ប្រភេទ។

លោករដ្ឋមន្ត្រីបានថ្លែងថា ក្នុងបរិការណ៍នោះ រាជរដ្ឋាភិបាលកម្ពុជាបានកែទម្រង់នូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយបែបបទពាណិជ្ជកម្ម ថ្លៃសេវារដ្ឋបាល និងថ្លៃអគ្គិសនីជាដើម។ ដើម្បីបន្តរក្សាបាននូវភាពប្រកួតប្រជែង កម្ពុជាប្តេជ្ញាខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយជាតិដែលបានដាក់ចេញកន្លងមក ជាពិសេសគោលនយោបាយជាតិ ស្តីពីការអភិឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅសម្រេចឱ្យបាននូវក្តីប្រាថ្នារបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner