រុស្ស៊ីអះអាងថា ពិភពលោកនឹងធ្លាក់ជ្រោះនៃសង្គ្រាមត្រជាក់ ដោយសារកម្មវិធីយុទ្ធសាស្ត្រមីស៊ីលរបស់សហរដ្ឋអាម៉េរិក
រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា កម្មវិធីយុទ្ធសាស្ត្រ Missile Defense Review (MDR) របស់សហរដ្ឋអាម៉េរិក គឺជាចេតនាបង្ករឿងដោយផ្ទាល់ ដែលមានគោលដៅបង្កើតការក្ដោបក្ដាប់អំណាចយោធានៅលើពិភពលោក ព្រមទាំងដឹកនាំការធ្វើសមយុទ្ធយោធានៅគ្រប់ទីកន្លែង តាមរយៈការទាត់ចោលការដាក់កំហិតលើការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងម៉ូស្គូបានចាត់ទុកថា កម្មវិធីយុទ្ធសាស្ត្រ (MDR) របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននេះដែរ គឺជាចេតនាបង្ករឿងដោយបើកចំហ ហើយថា វាមានតែបង្កឲ្យមានការរត់ប្រណំាងសព្វាវុធនៃសង្រ្គាមត្រជាក់ផ្ទុះឡើងជាថ្មីតែប៉ុណ្ណោះ។ ប្រតិកម្មរបស់ប្រទេសរុស្ស៊ីត្រូវបានធ្វើឡើង ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បានចេញផ្សាយនូវយុទ្ធសាស្ត្រ Missile Defense Review (MDR) ដែលមានគោលដៅពង្រឹង និងពង្រីកការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាម៉េរិកនៅទូទាំងពិភពលោក៕ម.ន


