សិង្ហបុរីគ្រោងបញ្ជាទិញយន្តហោះពិឃាត F-35 របស់សហរដ្ឋអាម៉េរិក សំដៅលើកកម្ពស់សមត្ថភាពការពារជាតិ
សិង្ហបុរី៖ រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានថ្លែងនៅថ្ងៃសុក្រនេះថា យន្តហោះចម្បាំងជំនាន់ថ្មី F-35 របស់ក្រុមហ៊ុនអាម៉េរិក Lockheed Martin គឺសក្តិសមជាងគេបំផុត ដើម្បីយកមកប្រើប្រាស់ជំនួសយន្តហោះចម្បាំងធុន F-16 របស់សង្ហិបុរី ហើយថា នឹងទិញប៉ុន្មានគ្រឿងដំបូងសម្រាប់ការវាយតម្លៃស្ទាបស្ទង់មើលជាមុនសិន។
សម្រាប់កងយន្តហោះចម្បាំង F-16 ប្រមាណជា៦០គ្រឿងរបស់សិង្ហបុរីនាពេលបច្ចុប្បន្ន ដែលបានដាក់ឲ្យធ្វើប្រតិបត្តិការជាលើកដំបូងកាលពីឆ្នាំ១៩៩៨នោះ នឹងត្រូវចូលនិវត្តន៍ក្រោយឆ្នាំ២០៣០ខាងមុខ ។ បើតាមរដ្ឋមន្រ្តីការពារជាតិសិង្ហបុរី ស្ថាប័នពាក់ព័ន្ធរបស់សិង្ហបុរី នឹងចាប់ផ្តើមធ្វើការទាក់ទងទៅភាគីសហរដ្ឋអាម៉េរិក ប៉ុន្តែវាអាចចំណាយពេលពី៩ទៅ១២ខែ ដើម្បីសម្រេចនូវការកំណត់លក្ខខណ្ឌផ្សេងៗនៅក្នុងកិច្ចព្រមព្រៀង។
សូមបញ្ជាក់ថា ក្នុងចំណោមចំណូលសរុបដែលក្រុមហ៊ុន Lockheed Martin រកបាន គឺមួយភាគបួនបានមកពីការលក់យន្តហោះចម្បាំង F-35 ក្នុងនោះយន្តហោះចម្បាំង F-35A ដែលមានការពេញនិយមជាទូទៅជាងគេ មានតម្លៃប្រហែល៩០លានដុល្លារអាម៉េរិកក្នុងមួយគ្រឿង ប៉ុន្តែសិង្ហបុរីត្រូវមតិភាគច្រើនជឿជាក់ថា ចាប់អារម្មណ៍លើយន្តហោះពិឃាដ F-35B ជាង ដែលអាចហោះហើរចេញពីផ្លូវមានប្រវែងខ្លី និងចុះចតត្រង់ស្មើដូចឧទ្ធម្ភាគចក្របាន ប៉ុន្តែថ្លៃជាង F-35A ៕ម.ន


