រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសវនកម្មបញ្ចប់គម្រោងការបំពាក់អំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងឆ្លាត
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត បានជួបប្រជុំពិនិត្យពិភាក្សាលើការបញ្ចប់គម្រោងបំពាក់អំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងវៃឆ្លាត ខេត្តសៀមរាប ជាមួយក្រុមហ៊ុន Minebea Mistumi ដែលជាអ្នកអនុវត្តគម្រោង។ តាមការលើកឡើងរបស់ក្រុមហ៊ុន Minebea Mistumi ក្រោមកម្មវិធីនៃការបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED ជាមួយបណ្តាញឥតខ្សែ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ មានប្រសិទ្ធភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ធ្ងន់មួយនៅលើពិភពលោក ដែលបណ្តាលមកពីកំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិយាកាស ដូច្នេះទើបត្រូវមានវិធានការជាច្រើនត្រូវបានលើកឡើង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ លោកបានបន្តទៀតថា ដោយបច្ចេកវិទ្យាទំនើប រាល់អំពូលភ្លើងដែលបានបំពាក់បំភ្លឺនៅតាមដងផ្លូវក្នុងក្រុងសៀមរាប អាចគ្រប់គ្រងដោយបណ្តាញឥតខ្សែ ជួយដល់ការបិទបើកអំពូលបំភ្លឺផ្លូវកាន់តែមានភាពងាយស្រួល។
តាមរយៈការអនុវត្តគម្រោង JCMនេះ SRPH បានចូលរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយគម្រោងនឹងធ្វើការពង្រីកអំពូលបំភ្លឺផ្លូវ ដែលប្រើប្រាស់ថាមពលមានប្រសិទ្ធិភាព នៅតាមតំបន់ផ្សេងៗ នាពេលអនាគត ដោយសហការជាមួយក្រុមហ៊ុន Minebea Mistumi និងរដ្ឋាភិបាលជប៉ុន។

ក្នុងឱកាសនោះដែរ លោក សុខ ថុល ក៏បានលើកផងដែរថា ការសាងសង់មិនអាចបញ្ចប់ក្នុងឆ្នាំ២០១៨ គឺត្រូវពន្យារទៅឆ្នាំ២០១៩ ដោយការបញ្ជាទិញខ្សែភ្លើងត្រូវពន្យារ ដោយសារបញ្ហានីតិវិធីហិរញ្ញវត្ថុ។ ដើមី្បធានានូវកិច្ចសហប្រតិបត្តិការ និងថែទាំ ក្នុងការអនុវត្តគម្រោងJCM ឲ្យមានភាពរលូនក្នុងរយៈពេល១០ឆ្នាំ សាលាខេត្តសៀមរាប នឹងត្រូវរាយការណ៍ពីទិន្នន័យទៅរដ្ឋាភិបាលជប៉ុនរយៈពេល១០ឆ្នាំខាងមុខនេះ។
លោករីករាយ និងធានាថា នឹងសហការជាមួយក្រុមហ៊ុន Minebea Mistumi សម្រាប់ប្រតិបត្តិការ និងថែទាំដោយរលូនតាមតម្រូវការរបស់ គម្រោង។ ក្នុងនោះដែរ លោក សុខ ថុល ក៏បានលើកផងដែរពីចក្ខុវិស័យនាពេលអនាគតរបស់ខេត្តសៀមរាប ក្នុងការលើកកម្ពស់ទីក្រុងប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយជាទីក្រុងស្អាត សុវត្ថិភាព ងាយស្រួលសម្រាប់អ្នករស់នៅ និងជាគោលដៅរបស់ភ្ញៀវទេសចរនៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត តាមរយៈធ្វើឲ្យប្រសើរឡើង ក្នុងការឆ្ពោះទៅគោលដៅទីក្រុងវៃឆ្លាត។

ក្នុងនោះដែរលោកក៏បានលើកនូវសំណូមពរដល់គម្រោង JCM និង ក្រុមហ៊ុន Minebea Mistumi ធ្វើការបំពាក់នូវភ្លើងសញ្ញាចរាចរណ៍វៃឆ្លាត ក្នុងក្រុងសៀមរាប ដើមី្បធានាបាននូវសុវត្ថិភាពចរាចរណ៍ដល់ភ្ញៀវជាតិ-អន្តរជាតិ រួមទាំងសន្តិសុខទៀតផង។ ដោយមានកិច្ចសហការរឹងមាំពីក្រុមហ៊ុន Minebea Mistumi សាលាខេត្តសៀមរាប អាច បញ្ចប់កាដំឡើងអំពូលបំភ្លឺផ្លូវសាធារណៈ ទៅតាមផែនការដែលបានគ្រោងទុក។

តាមរយៈគម្រោងនេះដែរ ខេត្តក៏ធ្វើការកែលម្អនូវប្រព័ន្ធព័ត៌មានទេសចរណ៍ឲ្យក្លាយជាទីក្រុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ និងការអនុវត្តសុវត្ថិភាពចរាចរណ៍ ដោយពង្រឹង និងជួសជុលផ្លូវថ្នល់ ដំឡើងអំពូលបំភ្លឺផ្លូវ ព្រមទាំងយកចិត្ត ទុកដាក់លើការងារបរិស្ថាន ដោយប្រើប្រាស់ឧបករណ៍ដែលប្រើប្រាស់ថាមពលមានប្រសិទ្ធភាព ដូចអំពូលបំភ្លឺផ្លូវវៃឆ្លាត និងការគ្រប់គ្រងកាកសំណល់តាមគ្រួសារ និងឧស្សាហកម្ម ដោយធ្វើការណែនាំប្រព័ន្ធគ្រប់គ្រកាកសំណល់វៃឆ្លាតផងដែរ៕ ដោយៈ ម៉ី សុខារិទ្ធ