រុក្ខជាតិដែលដុះលើឋានព្រះចន្ទលើកដំបូង ក្នុងការពិសោធន៍នៅលើយានអវកាសចិន ឆាងអឺ-៤ បានងាប់បាត់ហើយ
ចិន៖ កប្បាសដែលបានដុះចេញពន្លក ក្នុងការពិសោធន៍នៅលើយានអវកាសចិន ឆាងអឺ-៤ (Chang’e-4) ដែលកំពុងស្ថិតនៅលើផ្ទៃព្រះចន្ទនោះ បានងាប់បាត់ទៅហើយ ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំងពេក។

រុក្ខជាតិកប្បាសនេះ ស្ថិតនៅក្នុងការពិសោធន៍ផ្នែកជីវសាស្រ្តរបស់បេសកកម្ម ឆាងអឺ-៤ ដែលរួមមានគ្រាប់ពូជដំឡូងបារាំង រុក្ខជាតិ Rapeseed និង Arabidopsis ព្រមទាំងពងសត្វរុយ Fruit-Fly និងមេផ្សិតដំបែរជាដើម។ ដោយពួកវាត្រូវគេដាក់នៅក្នុងធុងដែកមួយទម្ងន់២,៦គីឡូក្រាម ដែលបានចុះទៅដល់តំបន់ Far Side ឬ Dark Side របស់ព្រះចន្ទ (ចំហៀងដែលបែរចេញពីផែនដី) ជាមួយយាន ឆាងអឺ-៤ កាលពីថ្ងៃទី០៣ ខែមករានេះ។

ដំណើរការពិសោធន៍នេះបានចាប់ផ្តើមភ្លាមៗ នៅប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពី ឆាងអឺ-៤ បានចុះទៅដល់រណ្តៅ វ៉ុនខាមែន (Von Karman) ហើយវាមានគោលដៅវាយតម្លៃមើលថា តើសត្វ និងរុក្ខជាតិលូតលាស់យ៉ាងដូចម្តេច នៅក្នុងលក្ខខណ្ឌបរិស្ថានរបស់ព្រះចន្ទ ដែលមានកម្លាំងទំនាញទាប ជាតិវិទ្យុសកម្មខ្ពស់ និងមានការប្រែប្រួលឡើងចុះសីតុណ្ហភាពខ្លាំង ក្នុងរយៈពេលរាប់សប្តាហ៍ម្តងៗនោះ។

សូមបញ្ជាក់ថា យាន ឆាងអឺ-៤ ស្ថិតក្នុងកម្មវិធីរុករកនៅឋានព្រះចន្ទ ដែលប្រកប ដោយមហិច្ឆតាធំធេងរបស់ប្រទេសចិន ហើយប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុកនោះ ចិននឹងចេញបេសកកម្ម ឆាងអឺ-៥ មួយទៀត ដើម្បីទៅប្រមូលគំរូស្លាកស្នាមពីផ្ទៃព្រះច័ន្ទ មកពិសោធន៍លើផែនដីវិញនៅក្នុងឆ្នាំនេះតែម្តង៕
