ប្រេសិតសន្តិភាពសហរដ្ឋអាម៉េរិកទៅប៉ាគីស្ថាន ដើម្បីស្វែងរកការបញ្ចប់សង្គ្រាម១៧ឆ្នាំនៅប្រទេសអាហ្វហ្កានីស្ថាន
សហរដ្ឋអាម៉េរិក៖ បេសកជនសន្តិភាពអាម៉េរិក លោក Zalmay Khalilzad បានមកដល់ប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍តនេះ ក្នុងដំណើរទស្សនកិច្ចចុងក្រោយនៅក្នុងតំបន់ ដើម្បីស្វែងរកការចរចាបញ្ចប់សង្គ្រាមរយៈពេល១៧ឆ្នាំនៅអាហ្វហ្កានីស្ថាន ដែលនឹងបញ្ចប់ការចូលពាក់ព័ន្ធយោធាដ៏យូរបំផុតរបស់សហរដ្ឋអាម៉េរិក។

លោក Zalmay Khalilzad ត្រូវបានគេរាយការណ៍ថា បានទៅប្រទេសប៉ាគីស្ថានដើម្បីស្វែងរកជំនួយរបស់រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ សំដៅនាំក្រុមមេដឹកនាំតាលីបង់ធ្វើការចរចាផ្ទាល់ ជាមួយក្រុមអ្នកតំណាងរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani ។ រដ្ឋាភិបាលប៉ាគីស្ថាននិយាយថា ឥទ្ធិពលរបស់ខ្លួនលើក្រុមតាលីបង់ត្រូវបានគេពន្លើស ប៉ុន្តែការចាប់ខ្លួនមេដឹកនាំតាលីបង់លោក Hafiz Mohibullah កាលពីដើមសប្តាហ៍នេះ នៅក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន នៅមុនពេលដំណើរទស្សនកិច្ចរបស់លោក Zalmay Khalilzad ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដាក់សម្ពាធទៅលើក្រុមឧទ្ទាមនេះ ឱ្យចូលទៅក្នុងកិច្ចចរចា។

លោក Hafiz Mohibullah គឺជាសមាជិកម្នាក់នៃគណៈកម្មាធិការនយោបាយរបស់តាលីបង់នៅប៉ាគីស្ថាន និងជាអតីតមេបញ្ជាការយោធាតាលីបង់ ដែលដឹកនាំប្រតិបត្តិការនៅ១៨ខេត្តរបស់ប្រទេសអាហ្វហ្កានីស្ថានភាគខាងកើត និងខាងជើងនៃប្រទេសនេះ។ យ៉ាងណាមិញ ក្រុមតាលីបង់បានបដិសេធមិននិយាយជាមួយរដ្ឋាភិបាល ដោយពួកគេបានចេញសេចក្តីថ្លែងការណ៍មួយនៅដើមសប្តាហ៍នេះ ដោយគំរាមបញ្ឈប់ការចរចាជាមួយសហរដ្ឋអាម៉េរិក៕
