កោះតៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ស្របពេលមានការគំរាមគំហែងជាថ្មីពីប្រទេសចិន
តៃវ៉ាន់៖ យោធាកោះតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយ នៅតាមឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ចំពេលមានការគំរាមកំហែងជាថ្មីពីចិន ដើម្បីឱ្យកោះនេះស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន ដោយប្រើកម្លាំងទ័ពប្រសិនបើចាំបាច់នោះ។

កាំភ្លើងធំ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានបាញ់ទៅលើគោលដៅ នៅឯឆ្នេរសមុទ្រនៃទីក្រុង Taichung ខណៈដែលយន្តហោះចម្បាំង Mirage ដែលផលិតនៅបារាំងជាច្រើនគ្រឿងបានហោះឡើងចេញពីមូលដ្ឋានកងទ័ពអាកាស នៅទីក្រុងHsinchu ទៅកាន់តំបន់ភាគខាងជើង។

សមយុទ្ធនេះគឺជាលើកទីមួយរបស់តៃវ៉ាន់ចាប់តាំងពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃទី០២ ខែមករាកន្លងមកនេះ បានបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការប្រើកម្លាំងយោធាដើម្បីដាក់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនេះ នៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិន។

ការធ្វើសមយុទ្ធនេះក៏ត្រូវបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍របស់មន្ទីរបញ្ចកោណដែលបង្ហាញពីការព្រួយបារម្ភរបស់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងកម្លាំងយោធាកើនឡើងរបស់ចិន ដែលឱ្យមានការព្រួយបារម្ភខ្លាំងឡើងអំពីការវាយប្រហារដែលអាចកើតមានប្រឆាំងនឹងកោះតៃវ៉ាន់៕

