សម្តេចតេជោ គូសបញ្ជាក់ថា ​ទំនាក់ទំនងរវាងកម្ពុជា និងរុស្សី គឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្ត ហើយរុស្ស៊ីបានជួយដល់កម្ពុជា នៅពេលដែលកម្ពុជាជួបការពិបាកបំផុត​

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយ​ប្រតិភូរុស្ស៊ី ដឹកនាំដោយឯកឧត្តម អ៊ីលីយ៉ាស់ អ៊ូម៉ាកាណូវ (LIYAS UMAKHANOV) អនុប្រធានក្រុមប្រឹក្សា សហព័ន្ធនៃសហព័ន្ធរុស្ស៊ី នាទីក្រុងសៀមរាប។ បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ​ឯកឧត្តម អ៊ីលីយ៉ាស់ បានគោរពជម្រាបជូនសម្តេចតេជោ ដែលបានទទួល ស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះប្រតិភូរុស្ស៊ី ក្នុងពេលធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងកិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាអាស៊ីប៉ាស៊ីហ្វិក (APPF)

ឯកឧត្តម បានសម្តែងនូវការអបអរសាទរចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ ចំពោះកម្មវិធី ACC និង APPF។ ឯកឧត្តម បានមានប្រសាសន៍ថា នៅរុស្ស៊ីសម្រាប់ឆ្នាំ២០១៩នេះ បានចាត់ទុកថា គឺជាឆ្នាំវប្បធម៌របស់កម្ពុជា ក្នុងន័យនេះ ប្រតិភូរបស់ឯកឧត្តម នឹងប្រឹងប្រែង ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ឆ្នាំវប្បធម៌កម្ពុជានៅរុស្ស៊ីនេះ ទទួលបានជោគជ័យ ហើយក៏ជាការរួមចំណែក ដល់ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនង ជាយូរលង់ណាស់មក ហើយ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម អ៊ីលីយ៉ាស់ និងប្រតិភូ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ ACC និង APPF សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ គឺត្រូវបាន ទទួលស្គាល់ ដោយអង្គការយូណេស្កូ ហើយជាងនេះទៀត សម្ដេចតេជោក៏បានមានប្រសាសន៍ ថាទំនាក់ទំនងរវាងកម្ពុជានិងរុស្សី គឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្ត មានជាយូរលង់ណាស់មកហើយ ហើយជាពិសេសរុស្ស៊ី បានជួយដល់ កម្ពុជា នៅពេលដែលកម្ពុជា ជួបការពិបាកបំផុត នៅពេលដែលកម្ពុជា ទើបបានរំដោះចេញពីរបប ប៉ុល ពត។ ពីនោះទៅទៀត រុស្ស៊ីក៏បានបន្សល់នូវស្នាដៃប្រវត្តិសាស្ត្រជាច្រើនដែរ ដូចជាមន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម ហើយរុស្ស៊ី ក៏បានជួយដល់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលនៅរុស្ស៊ី គឺសព្វថ្ងៃនេះ បានបម្រើការងារជួយដល់​ កម្ពុជា ធ្វើឲ្យកម្ពុជាមានការរីកចម្រើន យ៉ាងឆាប់រហ័ស។ សម្តេចក៏បានថ្លែងអំណរគុណ ចំពោះរុស្ស៊ី ដែលបានជួយលើវិស័យផ្សេងៗទៀតជាច្រើន ហើយក៏បានជូនពរដល់ប្រតិភូ ឲ្យទទួលបានជោគជ័យក្នុងការស្នាក់នៅ ក៏ដូចេជាពេលវិលត្រឡប់ ទៅប្រទេសរុស្ស៊ីវិញផងដែរ៕

 

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner