សមាជិកព្រឹទ្ធសភាជប៉ុន៖ សេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះរីកចម្រើនខ្លាំង ហើយសន្យាគាំទ្រកម្ពុជាបន្ថែមទៀត
ក្នុងឱកាសចូលពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាទីក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែមករា ឯកឧត្តម តាគុជិ យ៉ាណាជីម៉ូតុ (Takuji YANAGIMOTO) សមាជិកព្រឹទ្ធសភាជប៉ុន បានកត់សម្គាល់ឃើញថា នៅពេលនេះ អ្នកវិនិយោគជប៉ុន ក៏បានចាប់ផ្ដើមមកវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើន ប្រជាជននិងប្រជាជន ក៏មានទំនាក់ទំនងល្អផងដែរ។ពីនោះទៅទៀត សេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែមានសន្ទុះ រីកចម្រើនយ៉ាងលឿន។ ឯកឧត្តមមានប្រសាសន៍ថា នេះជាការឆ្លុះបញ្ចាំងនូវកិច្ចប្រឹងប្រែងដ៏ល្អរបស់កម្ពុជាយើង។ ក្នុងន័យនេះ ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុននឹងបន្តគាំទ្រកម្ពុជាថែមទៀត។
បើតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម តាគុជិ បានគោរពថ្លែងអំណរគុណជូនសម្ដេចតេជោ ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ដល់ប្រតិភូរបស់ ឯកឧត្តម មកកាន់កម្ពុជាពេលនេះ ហើយឯកឧត្តមសូមសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យ ដែលទទួលបាននាកិច្ចប្រជុំសមាជិកសភាស្ត្រី នៃវេទិការអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងសៀមរាបនេះ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាគុជី ព្រមទាំងគណៈប្រតិភូទាំងមូល ដែលបានមកចូលរួមកិច្ចប្រជុំ APPF នេះ ហើយក៏បានមានប្រសាសន៍ផងដែរថា ជប៉ុនបានដើរតួនាទីសំខាន់ណាស់ ក្នុងការ ស្វែងរកសន្តិភាពរបស់កម្ពុជា ដោយជប៉ុនបានបញ្ជូនកម្លាំងប្រតិបត្តិការថែរក្សាសន្តិភាព មកកម្ពុជាជាលើកដំបូង ហើយពីនោះទៅទៀត បន្ទាប់ពីកម្ពុជាបោះឆ្នោតឆ្នាំ៩៩៣ ជប៉ុនក៏នៅតែបន្តជួយដល់កម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនា សម្ព័ន្ធ និងការអភិវឌ្ឍប្រទេសកម្ពុជា៕