បើម្ចាស់អាជីវកម្មម្ហូបអាហារ ពុំអនុវត្តអោយត្រឹមត្រូវតាមបទដ្ឋានអនាម័យ និងការណែនាំរបស់ក្រសួង-មន្ទីរសុខាភិបាល ឬអាជ្ញាធរ ក្រសួងទេសចរណ៍ នឹងដកហូតអាជ្ញាបណ្ណទេសចរណ៍ មកវិញ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្ដីពី ការពង្រឹងសុវត្ថិភាពចំណីអាហារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងអាហារដ្ឋានទេសចរណ៍ ដោយក្នុងនោះក្រសួងក៏បានបញ្ជាក់ដែរថា នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថាមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ។
តាមសារាចរណែនាំដែលបានប្រកាសដោយក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា «ក្រសួងទេសចរណ៍ នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថា មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ»។ នាពេលកន្លងមក ក្រសួងទេសចរណ៍ បានសង្កេតឃើញមានការអនុវត្តតាមខ្លឹមសារ នៃបញ្ញត្តិច្បាប់ស្ដីពីទេសចរណ៍បានត្រឹមត្រូវ ចំពោះអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ភាគច្រើននៅទូទាំងប្រទេស ប៉ុន្តែក៏នៅមានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មួយចំនួន មិនទាន់បានអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក៏ដូចជាការអនុវត្តឱ្យបាន នូវការស្នើសុំ វិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
 ដើម្បីចូលរួមដល់ការពង្រឹង សុវត្ថិភាពចំណីអាហារ នៅតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត នឹងមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងឡាយណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner