សារព័ត៌មានកូរ៉េខាងត្បូងចុះផ្សាយថា សហរដ្ឋអាម៉េរិក-កូរ៉េខាងជើង នឹងបើកកិច្ចពិភាក្សាក្នុងសប្តាហ៍នេះ ខណៈការចរចានុយក្លេអ៊ែរហាក់នៅជាប់គំាង
កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃអង្គារ៍នេះ បានរាយការណ៍ថា សហរដ្ឋអាម៉េរិក-កូរ៉េខាងជើង គ្រោងនឹងរៀបចំធ្វើកិច្ចពិភាក្សាជាន់ខ្ពស់រួមគ្នាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាពេលឆាប់ៗក្នុងសប្តាហ៍នេះ ដើម្បីជជែកគ្នាស្តីពីការរៀបចំជំនួបកំពូលលើកទី០២ រវាងមេដឹកនាំប្រទេសទាំងពីរ។

ប្រភពបន្តថា កិច្ចប្រជុំខាងលើនេះ នឹងដឹកនំាដោយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុង ចុល ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ត ឬនៅថ្ងៃសុក្រសប្ដាហ៍នេះ។

បើតាមប្រភពខាងលើនេះ លោក គីម យ៉ុងចុល អាចនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប៉ុន្តែនៅពេលត្រូវបានសាកសួរពីព័ត៌មាននេះ មន្ត្រីក្រសួងការបរទេសអាម៉េរិកម្នាក់បានអះអាងថា ខាងក្រសួងមិនទាន់មានកិច្ចប្រជុំណាមួយត្រូវប្រកាសនៅឡើយទេ ខណៈសេតវិមានបានបដិសេធឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មាន៕
