មេដឹកនាំរុស្ស៊ី និងជប៉ុន គ្រោងជួបគ្នាក្នុងទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាពីការស្វែងរកសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ
រុស្ស៊ី៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយសមភាគីជប៉ុន លោក តារ៉ូ កូណូ នៅថ្ងៃច័ន្ទនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ បានគូសបញ្ជាក់ថា ជប៉ុនគួរតែទទួលស្គាល់ដែនអធិបតេយ្យភាពរបស់រុស្ស៊ីនៅលើទីប្រជុំកោះ ឃើរៀល ជាមុនសិន ដើម្បីឱ្យកិច្ចចរចាស្ដីពីសនិ្តភាពរវាងប្រទេសទាំងពីរបន្តទៅមុខទៀត។

បន្ទាប់ពីជំនួបនោះដែរ ខាងភាគីជប៉ុនក៏បានទទួលស្គាល់ដែរថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ត្រូវជួបគ្នាក្នុងទីក្រុងម៉ូស្គូ នាសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាពីការស្វែងរកសន្ធិសញ្ញាសន្តិភាពរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា រុស្ស៊ី និងជប៉ុន មិនទាន់បានចុះសន្ធិសញ្ញាសន្តិភាពនឹងគ្នានោះទេ ក្រោយសង្រ្គាមលោកលើកទី២បានបញ្ចប់ទៅ ដោយសារតែបញ្ហាជម្លោះលើទីប្រជុំកោះ ឃើរៀល ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី រីឯជប៉ុនក៏កំពុងទាមទារសិទ្ធិអធិបតេយ្យភាពលើទីប្រជុំកោះជម្លោះនេះផងដែរ៕

